Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​យើង ដើម្បី​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ឱ្យមាន​គុណភាព​រឹងមាំ

​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែមីនា ឆ្នាំ​២០២១ នៅ​ទី​ស្តី ការ​ក្រសួង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ និង​ណែនាំ​និស្សិត​ដើម្បី​ចូលរៀន​នៅ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ឆ្នាំ​សិក្សា​២០២១-២០២២ ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់​ពី​ព្រះគ្រូ គូ សុភាព ថ្នាក់ដឹកនាំ​ក្រសួង អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង និង​ការចូលរួម​ពី​និស្សិត​ទាំងអស់​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។​

​កម្មវិធី​នេះ​រៀបចំឡើង​ដើម្បី​ពិភាក្សា និង​ផ្តល់យោបល់​ដល់​និស្សិត​ជំនា​ន់ទី​១ នៃ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​ដើម្បី​ប្រមូល​ធាតុ​ចូល មតិយោបល់​ល្អៗ​បន្ថែមទៀត​ពី​ភាគី​ពាក់ ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការរៀបចំ​កម្មវិធីសិក្សា​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​សម្រាប់​និស្សិត ដែល​សិក្សា​នៅ​វិទ្យាស្ថាន​នេះ​។

​ថ្លែង​នៅក្នុង​អង្គពិធី ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់ របស់ ប្រទេសជាតិ​យើង ជាពិសេស ជា​ថ្ងៃ​ដ៏​មាន​សារសំខាន់ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល បាន​បោះជំហាន​ទី​១​រួមគ្នា ក្នុង​រៀបចំ​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​របស់​យើង ដើម្បី​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ឱ្យមាន​គុណភាព​រឹងមាំ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​កត់សម្គាល់ថា​៖ ជីដូន​ជីតា​យើង​អាច​កសាង​ប្រាសាទ​ជាច្រើន ស្ពាន​បុរាណ រាប់ពាន់​ឆ្នាំ​ដែល​កំពុងដំណើរការ​ដ​ល់​សព្វថ្ងៃនេះ ដូច្នេះ​យុវជន​ជំនាន់​ក្រោយ​របស់​យើង​ក៏​អាចមាន លទ្ធភាព សមត្ថភាព​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ឱ្យមាន​គុណភាព​រឹងមាំ​ដោយ​ខ្លួនឯង បានដែរ ប៉ុន្តែ​ដើម្បី​អាចមាន​សមត្ថភាព​អាចធ្វើ​ទៅបាន លុះត្រាតែ​យើង​មានចំណេះ​វិជ្ជា​ជាមុនសិន​។ ដើម្បី​កសាង អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន យើង​ត្រូវតែមាន​ប្រព័ន្ធ​ភស្តុភា​កម្ម​ល្អ មានតម្លៃ ប្រកួតប្រជែង ដែល​អាច​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្ដាក់​ទុន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​អាច​យក​កសិផល​ទៅ​លក់​នៅ​បរទេស​បាន​។​

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​រំឭក​ឡើងវិញ​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​៖ ដើម្បី​កសាង​ប្រទេស ជាតិ​យើង​បាន យើង​ត្រូវតែមាន​ផ្លូវ ភ្លើង ទឹក និង​ធនធានមនុស្ស ហើយ​រយៈពេល​៣០ ឆ្នាំ​ក្រោយមក អ្វី ដែល​សម្ដេចនាយក​រដ្ឋមន្ត្រី​បានលើកឡើង​នោះ​គឺ​ពិតជា​ត្រឹមត្រូវ​។ ហេតុដូច្នេះ​ហើយ​ទើប​ក្រសួង​បង្កើត​វិទ្យាស្ថាន​នេះ​ឡើង​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​របស់​យើង​ឱ្យ​ចេះ​ធ្វើ​ផ្លូវ ស្ពាន និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​រឹងមាំ​។

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ដែល​បាន​ជួយ​ជ្រោមជ្រែង និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុងការ​រៀបចំ​ឱ្យ​លេចចេញ​ជា​កម្មវិធីសិក្សា​នេះ​ឡើង ដើម្បី​និស្សិត​អា​ចូលរៀន​បាន​នៅ​ថ្ងៃ​ច័ន្ទ ខាងមុខនេះ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ផងដែរ​ថា​៖ វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន នឹង​ផ្ដល់​ចំណេះ​ខាង​បច្ចេកទេស និង​ចំណេះ​ទូទៅ​ឱ្យបាន​ច្រើន​ដល់​និស្សិត​របស់​យើង ដើម្បី​ក្លាយខ្លួនជា អ្នកចេះដឹង​ពិតប្រាកដ ចេះ​ទាំង​ទ្រឹស្ដី ទទួលបាន​ទាំង​បទពិសោធន៍ មានគុណ​ធម៌ សីលធម៌ អាច​រស់នៅ ក្នុងសង្គម​បាន អាចដឹកនាំ និង​ចូលរួម​ជាមួយ​អ្នកដទៃ​បាន​ផងដែរ​។

​វិទ្យាស្ថាន​នេះ​នឹង​ផ្ដល់នូវ​ចំណេះវិជ្ជា​គ្រប់បែបយ៉ាង​ទូលំទូលាយ​ជូន​ដល់​និស្សិត​របស់​យើង ហើយ​ក្រសួង​ប្ដេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​យក​និស្សិត​ឆ្នើម និង​សាស្ត្រាចារ្យ​ល្អៗ​ទៅ​ដកស្រង់​បទពិសោធន៍​ជាក់ស្តែង នៅតាម​ការដ្ឋាន​ក្នុងស្រុក ក៏ដូចជា​បណ្តា​ប្រទេស​នានា​ដូចជា​៖ ប្រទេស​ចិន ជប៉ុន កូរ៉េ ដែលជា​ដៃគូ សហការ​របស់​ក្រសួង​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​និស្សិត​ឱ្យខិត​ខំប្រឹងប្រែង​រៀនសូត្រ​រៀន​ឱ្យ​ចេះ ខំរៀន​ឱ្យ​ចប់ ចេញទៅ​ធ្វើការ​បាន កុំ​ធ្វើឱ្យ​ខូច​យីហោ​របស់​វិទ្យាស្ថាន អាច​រក​ការងារ​បានធ្វើ ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ចេះ​ជួយ​គ្នា​ទៅវិញទៅមក ចេះ​បណ្ដុះបណ្ដាល​បន្ត ស្របតាម​សេចក្តីប៉ងប្រាថ្នា និង​ចក្ខុវិស័យ​វែងឆ្ងាយ របស់​ក្រសួង​។ ក្រសួង​អាច​ផ្តល់​សាស្ត្រាចារ្យ​ដែល​បទពិសោធន៍​ល្អៗ​បាន ប៉ុន្តែ​បើ​យើង​ជា​និស្សិត​គ្មាន ឆន្ទៈ​ក្នុងការ​រៀនសូត្រ ក៏​ក្រសួង​មិន​អាចជួយ​បានដែរ ដូច​ពាក្យស្លោក​មួយ​ឃ្លា​លើកឡើងថា​៖ “​អ្នក​អាច នាំ​សេះ​ទៅ​ស្រះ​ទឹកបាន ប៉ុន្តែ​អ្នក​មិនអាច​បង្ខំ​សេះ​នោះ​ឱ្យ​ផឹកទឹក​បានទេ លុះត្រាតែ សេះ​នោះ​ចង់​ផឹកទឹក ដោយ​ខ្លួន​វា​”​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ផ្តាំ​ផ្ញើឱ្យ​និស្សិត​ទាំងអស់​យកចំណេះ​វិជ្ជា​ដែលមាន​ទៅ​ជួយ​ជាតិ​ឱ្យមាន​ភាពរុងរឿង ថ្លៃថ្នូរ និង​កិត្យានុភាព ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​កសាង​ប្រទេសជាតិ​មាតុភូមិ ដើម្បី​ខ្លួន ឯង​ផង ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​ផង ឆ្លើយតប​ទៅនឹង​កិច្ចខិតខំ​របស់​ក្រសួង​ដូច​ពាក្យស្លោក​មួយ​ឃ្លា លើកឡើងថា​៖ “​កុំ​សួរថា​កម្ពុជា​ធ្វើ​អ្វី​ឱ្យ​យើង​ត្រូវ​សួរថា​យើង​ធ្វើ​អ្វី​ឱ្យ​កម្ពុជា​” ពោលគឺ​៖ យើង​ត្រូវ​ខំរៀន​ឱ្យ ពូកែ គោរព​ច្បាប់​ចរាចរណ៍ កុំ​សេព​គ្រឿងញៀន អត់​ចេះ​ភាសា​អង់គ្លេស ត្រូវ​រៀន​ភាសា​អង់គ្លេស មិនត្រូវ ពឹង​ផ្អែកលើ​រាជរដ្ឋាភិបាល​ទាំងស្រុង​នោះឡើយ នោះ​ទើប​ហៅថា​ធ្វើ​អ្វី​ឱ្យ​កម្ពុជា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចង់ឃើញ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅទីនេះ មាន​ឆន្ទៈ​ខ្ពស់ មានចំណេះ​វិជ្ជា ខ្ពង់ខ្ពស់ មានគុណ​ធម៌ មាន​សីលធម៌ អាច​រស់​ក្នុងសង្គម និង​អាចជួយ​កសាង​ប្រទេសជាតិ​មាតុភូមិ​របស់ យើង​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​។

​ជាទី​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានលើកឡើង​នូវ​ពាក្យស្លោក​បន្ថែមទៀតថា​៖ សំដី​ឥតប្រយោជន៍ នាំ​គ្រោះ​ដល់​ជាតិ ការងារ​មាន​ប្រសិទ្ធភាព​នាំ​ជាតិ​រុងរឿង ពោលគឺ​៖ ការ​តិះដៀល​គ្នា​ទៅវិញទៅមក​មិន​នាំ ចំណេញ​ដល់​ជាតិ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើការ​ឱ្យមាន​ប្រសិទ្ធភាព រៀនសូត្រ​ឱ្យមាន​ចំណេះដឹង យក​បទពិសោធន៍ មកជួយ​ជាតិ​ទើប​ជា​ពលរដ្ឋ​ល្អ និង​ពាក្យស្លោក​មួយទៀត​ថា​៖ យើង​មិនអាច​រស់នៅក្នុង​កោះ​មួយ​ដែល មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ហ៊ំ​ព័ទ្ធ​ដោយ​សមុទ្រ​ក្រីក្រ​បានទេ ប៉ុន្តែ​យើង​ត្រូវ​ជួយ​ពង្រីក​កោះ​ដែលមាន​ទ្រ ព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ឱ្យ​ធំ ហើយ​បង្រួម​សមុទ្រ​ក្រីក្រ​ឱ្យ​តូច​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×