ឆ្លើយតបអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសុខាភិបាល រៀបចំកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ Astra Zeneca ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ក្នុងរយៈពេល ១៥ថ្ងៃ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១បានឱ្យដឹងថា នៅរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យបង្អែក ចំនួន ៨ទីតាំង ដើម្បីទទួលចាក់វ៉ាក់សាំង Sinopharm និង Astra Zeneca ជូនដល់ប្រជាពលរដ្ឋ ដែលរួមមាន ដូចជា ១-មន្ទីរពេទ្យបង្អែកសម្តេចឪ, ២-មន្ទីរពេទ្យបង្អែកចតុមុខ, ៣-មន្ទីរពេទ្យបង្អែកដង្កោ, ៤-មន្ទីរពេទ្យបង្អែករាជធានី, ៥-មន្ទីរពេទ្យបង្អែកព្រែកព្នៅ, ៦-មន្ទីរពេទ្យបង្អែកពោធិចិនតុង, ៧-មន្ទីរពេទ្យបង្អែកសែនសុខ និង៨-មន្ទីរពេទ្យបង្អែកច្បារអំពៅ ។
ក្រៅពីទីតាំងទាំង៨ នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតឲ្យមានទីតាំងសំរាប់ចាក់វ៉ាក់សាំងបន្ថែមទៀតផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងនេះឲ្យបានលឿនទៅតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធររាជធានី និងក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
លោក ឃួង ស្រេង បានបញ្ជាទៅអភិបាលខណ្ឌទាំង១៤ ត្រូវណែនាំទៅ ចៅសង្កាត់ មេភូមិ ធ្វើលិខិតអញ្ជើញ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់មកទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ, និងឲ្យអាជ្ញាធរភូមិ-សង្កាត់ ចុះជួយរៀបចំសណ្តាប់ធ្នាប់ដល់ទីតាំងចាក់វ៉ាក់សាំង៕
រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN







