ភ្នំពេញ ៖ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអគ្គនាយក ACC បានធ្វើសន្និសីទកាសែតបញ្ជាក់ពីលទ្ធផលសំខាន់នៃកិច្ចប្រជុំនេះថា ក្រោយពីមានការពិភាក្សាទៅលើប្រធានបទ វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួម ក្នុងអំឡុងពេល និងក្រោយកូវីដ-១៩ ដោយមានការធ្វើបទបង្ហាញពីអ្នកជំនាញ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌លើកទី ២ បានអនុម័តជាឯកច្ឆន្ទ នូវសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលបានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗដូចជា៖
១. ការប្តេជ្ញារបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ក្នុងការកៀរគរធនធានដើម្បីបង្កើនភាពសម្បូរបែបនៃវប្បធម៌ធ្វើជាចលករ ដើម្បីកសាងសេដ្ឋកិច្ចឡើងវិញឱ្យកាន់តែរឹងមាំ ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។
២. ការទទួលស្គាល់នូវភាពចាំបាច់ដើម្បីជំរុញការវិនិយោគបន្ថែមទៀតទៅលើការច្នៃប្រឌិត និងការអភិវឌ្ឍដែលជំរុញដោយវប្បធម៌ រួមទាំងកិច្ចសហ ការអន្តរជាតិដើម្បីជម្រុញវិស័យច្នៃប្រឌិតវប្បធម៌ដើម្បីភាពរុងរឿងរួមគ្នា។
៣. កិច្ចសហប្រតិបត្តិការក្នុងការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាសាធារណៈ តាមរយៈប្រព័ន្ធអ៊ីនធឺណែត ឬការជួបគ្នាដោយផ្ទាល់ ដោយផ្តោតលើគំនិតផ្តួចផ្តើមវប្បធម៌ រួមមានការរត់ម៉ារ៉ាតុងវប្បធម៌ គំនិតផ្តួចផ្តើមផ្លូវមួយខ្សែ ក្រវ៉ាត់មួយ គម្រោងផ្លូវសូត្ររបស់អង្គការយូណេស្កូ និងគម្រោងដទៃ ទៀតក្នុងចំណោមប្រទេសជាសមាជិក ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែង ភាពសុខដុម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ក្រោមប្រធានបទស្តីពី ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩ បានធ្វើពិធីបើកនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានការអញ្ជើញជាអធិបតីភាព ពីលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុ ប្រធានទី២ នៃរដ្ឋសភា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាមួយនឹងឯកឧត្តម ចូហ្សេ ដឺវេណេស្សា (Hon. Jose de Venecia) ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធានស្ថាបនិក ACC និងឯកឧត្តម ចូរប៉ីយ៉ុងចេ (Hon. Cho-byuong Jae) អគ្គលេខា ធិការ ICAPP៕ រក្សាសិទ្ធិដោយ៖CEN