ភ្នំពេញ ៖ ដូចដែលបងប្អូនមហាជនបានទទួលជ្រាបហើយថា ក្រោយពីមានការផ្ទុះឆ្លងវីរុសកូវីដ១៩ នៅក្នុងផលិតកម្មរស្មីហង្សមាស រួចមក ឃើញថាមានតារាៗមួយចំនួនដែលជាប់ពាក់ព័ន្ធ បានឆ្លងតៗគ្នាជាបន្តបន្ទាប់។
ក្នុងនោះ តារាចម្រៀងហង្សមាស ដែលឆ្លងមុនគេ បន្ទាប់ពីពិធីករ កែវ ចាន់និមល គឺលោក ណុប បាយ៉ារិទ្ធ ដែលបាននិងកំពុងសម្រាកព្យាបាលជំងឺនៅសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ហើយគិតមកទល់ថ្ងៃនេះ គឺមានរយៈពេលជិត ១០ ថ្ងៃហើយ។
ដោយឡែក ងាកមកចាប់អារម្មណ៍រឿងនេះវិញ គឺថាបានកំពុងបង្កមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយគេបានឃើញអតីតារាសម្តែង បេន នីយ៉ាំង រហ្សនាមកំពូលអ្នកកែច្រមុះស្រុកខ្មែរ បានឆេះដុំយ៉ាងខ្លាំង ទៅនឹងលោក ណុប បាយ៉ារិទ្ធ ពាក់ព័ន្ធនឹងរឿងកូវីដ១៩។
ស្រីស្អាត បេន នីយ៉ាំង បាននិយាយរៀបរាប់ដើមហេតុទាំងក្តៅចិត្តថា ដំបូងឡើយ គឺដៃគូ ណុប បាយ៉ារិទ្ធ គឺស្រីខូច (ប្រុស) បានមកលេងផ្ទះរបស់ខ្លួន ប៉ុន្តែ រូបនាងពុំបានដឹងថា ស្រីខូច នោះ ឆ្លងកូវីដនោះទេ ដោយគ្រាន់តែកត់សម្គាល់ឃើញថា រូបគេ (ស្រីខូច) ហាក់ល្ហិតល្ហៃខ្លាំង។
បេន នីយ៉ាំង បន្តថា បន្ទាប់ពីស្រីខូច មកលេងនៅថ្ងៃសិទ្ធិនារី ៨ មីនា ស្រាប់តែស្អែកឡើងលេចឮព័ត៌មានតារាចម្រៀងនៅហង្សមាស លោក ណុប បាយ៉ារិទ្ធ (ដៃគូរបស់ស្រីខូច) វិជ្ជកូវីដ១៩ ដែលជាហេតុធ្វើឲ្យរូបនាងបះសក់ច្រូងតែម្តង។ ព្រោះថា ស្រីខូច មិនមែនប៉ះពាល់ជាមួយរូបនាងដោយប្រយោលទេ គឺជិតស្និទ្ធ មានទាំងការរួមបាយទឹកជាមួយគ្នា និងសូម្បីឡើងគ្រែដេកនិយាយគ្នាលេងទៀតផង។
តែអ្វីដែលធ្វើឲ្យ បេន នីយ៉ាំង ផ្ទុះកំហឹងជាខ្លាំងនោះ គឺត្រង់ថា ស្រីខួច ក្រោយដឹងថាខ្លួនបានឆ្លងកូវីដពី ណុប បាយ៉ារិទ្ធ ហើយ បែរជាសម្ងំស្ងាត់ឈឹង មិនរវីរវល់នឹងរូបនាងសោះ ដែលសូម្បីណែនាំឲ្យរូបនាងទៅយកសំណាកកន្លែងណាកន្លែងណី ព្រោះតែនាងបារម្ភថាបើសិនជានាងមានកូវីដដែរអីទៅ ពេលទៅពិនិត្យមន្ទីរពេទ្យ ខ្លាចសាភាយឆ្លងដល់គេឯង។
អ្វីដែលហួសចិត្ត និងគួរឲ្យក្តៅក្រហាយខ្លាំងបំផុតទៀតនោះ គឺក្រោយពីបានដឹងថារូបនាងដើរនិយាយប្រាប់គេឯងនៅក្នុងហ្វេសប៊ុក ថា ស្រីខូច វិជ្ជមានកូវីដ១៩ ស្រាប់តែលោក ណុប បាយ៉ារិទ្ធ តេពីកន្លែងធ្វើចត្តាឡីស័កមកស្តីឲ្យនាងឡើងញ៉ែតៗថា ម៉េចបានជានិយាយប្រាប់គេឯងថា ស្រីខួច ឆ្លងកូវីដ១៩ អ៊ីចឹង?។ ជាមួយនឹងពាក្យសម្តីបែបនេះរបស់ ណុប បាយ៉ារិទ្ធ បានធ្វើឲ្យ បេន នីយ៉ាំង បានដាក់ឲ្យវិញថា «អ្នកឯងជាបុគ្គលគំរូ អ្នកឯងជាតារាសិល្បៈ អ្នកឯងអត់ត្រូវលាក់បាំងគេរឿងយកសំណាករឿងអីទេ បើខ្ញុំដើរទៅប្រាប់គេនៅក្នុងឆាត ត្រូវហើយ ព្រោះខ្ញុំដឹងអំពីចរិតស្រីខួច និងអ្នកឯង ព្រោះពេលដែលខ្ញុំប៉ះពាល់ផ្ទាល់ជាមួយដៃគូអ្នកឯង អ្នកឯងអត់មានទាក់ទង ស្វះស្វែងឲ្យខ្ញុំទៅយកសំណាកយកអីទេ គឺមានតែខ្ញុំ និងក្រុមគ្រួសារខ្ញុំទេ…។
បេន នីយ៉ាំង ក៏បានដាក់ឲ្យស្រីខួច និង ណុប បាយ៉ារិទ្ធ ឡើងស្ពឹកៗទៀតថា ក្នុងនាមយើងជាបុគ្គលគំរូ ជាអ្នកសិល្បៈម្នាក់ដែរ អត់ចេះមើលព័ត៌មានគេចុះផ្សាយទេអី? «បើលោកអ្នកមានអាការៈសង្ស័យ មានការក្តៅខ្លួន ឈឺកឈឺអី សូមនៅក្នុងផ្ទះ ឬក៏ទៅយកសំណាក ដើម្បីធ្វើចត្តាឡីស័កខ្លួនឯង សង្ស័យអីតេទៅលេខ ១១៥ មិនមែនខ្លួនឯងឈឺក ល្អិតល្ហៃស៊ីបាយមិនចង់ចូល ស្តឹកៗ បែរមកដើរផ្ទះគេអ៊ីចឹងមែន ណែ៎ កុំមកញ៉ែតៗដាក់ខ្ញុំ ទាំងដែលខ្ញុំមិនទាន់ក្តៅក្រហាយរឿងដៃគូអ្នកឯងដើរមកផ្ទះខ្ញុំផង!! ចាប់ពីថ្ងៃនេះតទៅ អស់មិត្តអ្វីនឹងគ្នាទៀតហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





