ភ្នំពេញៈ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រហូតមកដល់ត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១១៩ សរុបចំនួន ១៦៣២នាក់ អ្នកជាសះស្បើយចំនួន ៩៣៥នាក់ អ្នកកំពុងព្យាបាលមានចំនួន ៦៩២នាក់ និងមានអ្នកស្លាប់ចំនួន ០៣នាក់។
គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានមនុស្សចំនួន ៣នាក់ (ប្រុស ២នាក់ , ស្រី ១នាក់) ហើយបានស្លាប់ដោយសារជំងឺកូវីដ១៩។
យោងតាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ឈ្មោះ ឡៅ វណ្ណា អាយុ ៥០ឆ្នាំ (មន្ត្រីនគរបាលនៅនាយកដ្ឋានអង្គរក្ស) បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា។ សពមានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថាមានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ចំណែកស្ត្រីជនជាតិខ្មែរឈ្មោះ ងួន សុផាន្នី អាយុ ៦២ឆ្នាំ (ប្រពន្ធតារាចម្រៀងជើងចាស់ ហួរ ឡាវី) មានអាសយដ្ឋាននៅសង្កាត់ស្មៅ ខណ្ឌកំបូល រាជធានីភ្នំពេញ បានទទួលមរណៈភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១:៤៥នាទីព្រឹក នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត ដោយសារជំងឺកូវីដ-១៩ ដែលបានវ៉ៃលុកសួត ធ្វើឱ្យរលាកសួតខ្លាំង និងស្ទះសរសៃឈាមបេះដូង។
ស្ត្រីវ័យ ៦២ ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយសាររកឃើញមាន វិជ្ជមានវីរុសកូវីដ-១៩ ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃដដែល។ ដោយសារស្ត្រីខាងលើនេះ មានស្ថានភាពហត់ខ្លាំង គួបផ្សំទៅនឹងគាត់មានជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងនោះ ស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល និងជួយសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
ពេលចូលមកដល់មន្ទីរពេទ្យខាងលើនេះ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាពអ្នក ជំងឺនៅពេលនោះ មានហត់ខ្លាំង ហើយការថតសួត ក៏បានបង្ហាញនូវរូបភាពរលាកសួតស្រួចស្រាវទាំងសងខាងធ្ងន់ធ្ងរ (សឹងតែពេញ ផ្ទៃសួត ) មានសញ្ញាស្ទះសរសៃឈាមបេះដូង ព្រមទាំងមានកង្វះអុកស៊ីហ្សែនក្នុងសួតខ្លាំងដែរនោះ ក្រុមគ្រូពេទ្យ បានប្រើម៉ាស៊ីន ជំនួយដង្ហើម VN1 មិនជោគជ័យ ត្រូវដាក់ទុយោក្នុងបំពង់ខ្យល់ដើម្បីជំនួយខ្យល់អុកស៊ីហ្សែនដកដង្ហើម នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១។ តែជាអកុសល ការជួយជ្រោមជ្រែងរបស់ក្រុមគ្រូពេទ្យដោយអស់លទ្ធភាពហើយ នៅតែមិនអាចជួយគាត់បាន ដោយសារ តែវីរុសកូវីដ-១៩ បានវ៉ៃលុកសួតទាំងពីររបស់គាត់ធ្ងន់ធ្ងរមែនទែន និងលឿនពេកនោះ នៅវេលាម៉ោងប្រហែលជា ១១:៤៥នាទីព្រឹកនៃ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ត្រីវ័យ ៦២ឆ្នាំនេះ ក៏បានធ្វើមរណកាលទៅ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីវ័យ ៦២ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វ៉ៃលុកសួត ទាំងសងខាងធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង លើអ្នកជំងឺទឹកនោមផ្អែម លើសឈាម និងធាត់ខ្លាំង។
រីឯបុរសជនជាតិខ្មែរអាយុ ៤៦ឆ្នាំ ម្នាក់ទៀត (មន្ត្រីនគរបាលនៅនាយកដ្ឋានអក្សរសម្ងាត់) ស្លាប់ដោយសារជំងឺកូវីដ-១៩ ដែរ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីរសៀល។
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បុរសខាងលើនេះ ដោយមានរោគសញ្ញាក្តៅខ្លួន និងហត់ បានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មក បានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ ការ ពិនិត្យសុខភាព និងការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យក្រៅពីផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងបានដាក់ ទុយោក្នុងបំពង់ខ្យល់ ដើម្បីជំនួយការផ្តល់អុកស៊ីហ្សែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តែជាអកុសល មិនអាចជួយសង្គ្រោះ បាន ហើយគាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីរសៀលនេះទៅ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៤៦ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

