កំពង់ឆ្នាំង ៖ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សិស្សានុសិស្ស អោយចូលរួមលេងកីឡា ហើយត្រូវចៀសវាងការទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ជាពិសេសចៀសអោយឆ្ងាយពីគ្រឿងញៀន។ ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍អំពាវនាវបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំង បន្ថែមថា ជាការពិតណាស់សកម្មភាពកីឡាគឺបានផ្តល់នូវសារប្រយោជន៍ចំពោះការកែប្រែឥរិយាបថ លប់បំបាត់អំពើហឹង្សា ដោយបង្ហាញនូវភាពទន់ភ្លន់ នង្កើនគុណភាពផ្នែកសិលធម៌ សុជីវធម៌ អោយបានសមស្របទៅតាមស្មារតីនៃការលើកកម្ពស់កិត្យានុភាពជាតិនៃកេរ្តិដំណែលប្រពៃណីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិនិងសេចក្តីថ្លៃថ្នូរបស់ខ្មែយើង ។
ជាមួយគ្នានោះដែរ លោក សឹម ប្រឹម អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ឆ្នាំង ក៏បានអោយដឹងដែរថា ឆ្លងកាត់ការប្រកួត និងស្វិតស្វាញ នៅលើទីលានប្រកួតទាំង៤ ប្រភេទកីឡា អស់រយះពេល៧ថ្ងៃកន្លងមកនេះ បានកត់សម្គាល់ឃើញថា ក្រុមកីឡានីមួយៗ កីឡាករ កីឡាការិនីទាំងអស់បានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យ របស់ខ្លួនដែលបាន ចូលរួមប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជា អ្នកកីឡា ឈរលើស្មារតីគោរពវិន័យ បទបញ្ជាបច្ចេកទេស និងចេះស្រលាញ់យោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕ ដោយ៖ចៅ សន