ស្ទឹងត្រែង ៖ អ្នកស្រីស៊ីន ចន្ដា គឺជាកសិករគំរូនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្រោយពីលោកស្រីទទួលបានជោគជ័យ លើការដាំដំណាំបន្លែលក់។
អ្នកស្រីបាននិយាយបន្ថែមថា ការដាំបន្លែតាមបច្ចេកទេស ដែលទទួលបានការបង្ហាត់បង្រៀនពីអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីជំនាញផ្នែកកសិកម្មត្រឹមត្រូវមក។ អ្នកស្រី ចាប់ផ្ដើមប្រកបមុខរបរដាំបន្លែរហូតក្លាយជាកសិករគំរូ និងកំពុងតែពង្រីកបន្ថែមលើផ្ទៃដីដែលមានទំហំជាង ១ ហិកតាបន្តទៀត។
បន្លែដែលអ្នកស្រីដាំនោះ គឺជាបន្លែតម្រូវការប្រចាំថ្ងៃដូចជាត្រឡាច ត្រសក់ ម្ទេស ត្រប់ និងសណ្ដែកកួរជាដើម។ ក្រោយពីដំណាំរបស់គាត់បានផល អ្នកភូមិចាប់ផ្ដើមទិញដល់ផ្ទះរបស់គាត់ និងមានម៉ូយទៅទិញដល់កន្លែង ដើម្បីយកមកលក់នៅផ្សារក្រុងស្ទឹងត្រែង។
អ្នកស្រីបានបន្ថែមទៀតថា មុខរបរមួយនេះប្ដីរបស់គាត់មិនបានគាំទ្រទេពីមុនមក។ ក៏ប៉ុន្តែដោយសារតែគាត់មានចំណាប់អារម្មណ៍ និងមិនឱ្យទំនេរដៃក៏ចាប់អាជីពមួយនេះ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ក្នុងបំណងសម្រាលបន្ទុកដល់ស្វាមី ដែលជាមន្ត្រីរាជការផង។
ដោយមើលឃើញពីសកម្មភាពអនុវត្តបានយ៉ាងល្អ ទើបធ្វើឱ្យរូបគាត់ក្លាយជាកសិករគំរូម្នាក់ លើទឹកដីស្រុកសេសាន ខេត្តស្ទឹងត្រែង។ បន្ថែមពីនេះ អ្នកស្រីចង់ឱ្យប្រជាពលរដ្ឋដូចជាគាត់ក្រៅពីធ្វើស្រែចម្ការ ឆ្លៀតឱកាសចាប់យករបរដាំដំណាំលក់ ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះការដាំដំណាំក៏អាចជួយបង្កើនសេដ្ឋកិច្ចគ្រួសារ បានមួយកម្រិតទៀតផង។
លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្ដីទីបានកោតសរសើរ ចំពោះកសិករនៅស្រុកសេសាន ក្រោយពីបានចុះជួបឃើញថា ពួកគាត់សកម្មក្នុងការដាំដុះ និងអនុវត្តបានយ៉ាងត្រឹមត្រូវ ទៅលើដំណាំដែលទទួលបានពីផ្នែកបច្ចេកទេស ដែលមន្ត្រីមន្ទីរកសិកម្ម បានបង្រៀនកន្លងមក។
លោកទុំ នីរ៉ូ បន្ថែមទៀតថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងបន្តជួយគាំទ្រកសិករយ៉ាងពេញទំហឹងទាំងបច្ចេកទេស និងធាតុចូលមួយចំនួនទៀត ដើម្បីឲ្យកសិករនៅខេត្តស្ទឹងត្រែង មានលទ្ធភាពពង្រីកផលិតភាព កសិកម្មរបស់ខ្លួន ដើម្បីទទួលបានចំណូលខ្ពស់ និងសន្តិសុខស្បៀងសម្រាប់គ្រួសារ៕ រក្សាសិទ្ធិដោយ៖សំណាង






