ខេត្តបាត់ដំបង ៖ យោងតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស ( គាស់ផ្ទះលួចទូរស័ព្ទដៃ ) កើតឡើង ចំនួន ០២ ករណី នៅក្នុងខេត្តកំពតនាពេលកន្លងទៅ កងកម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ខ្លួនមុខសញ្ញាម្នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះយ៉ាងកក្រើក លួចទូរស័ព្ទរាប់រយគ្រឿង នៅខេត្តកំពត រួចរត់មកលាក់ខ្លួននៅស្រុកកំរៀង ខេត្តបាត់ដំបង។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង និង ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនិងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះសហការជាមួយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និង កម្លាំងអធិការដ្ឋាននគរបាលស្រុក កំរៀង ចុះប្រតិបត្តិការ អនុវត្តន៍តាមដីកាចាត់ឱ្យ ស៊ើបសួរជំនួស លេខ ៤៧៩ /២១ របស់លោក អាំង សុភា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស ( គាស់ផ្ទះលួចទូរសព្ទ័ដៃ ) កើតឡើង ចំនួន ០២ ករណី នៅក្នុងខេត្តកំពតនាពេលកន្លងទៅ ដោយបាននាំខ្លួនជនសង្ស័យឈ្មោះហែម ហ៊ី ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
សមត្ថកិច្ចដកហូតសម្ភារៈ រួមមាន៖ – ទូរស័ព្ទម៉ាក ចំនួន ០៥គ្រឿង – កាបូបស្ពាយjiahaiពណ៌ខ្មៅចំនួន០១-អាវក្រណាត់ដៃវែងពណ៌ឈាមជ្រូកចំនួន០១ – ខោខូវប៊យជើងវែងពណ៌ខៀវចំនួន០១ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ហែម ហ៊ី បានឆ្លើយសារភាពថា ៖ ខ្លួនបានធ្វើសកម្មភាពគាស់បង្អួចផ្ទះ លួចយកទូរស័ព្ទដៃ បានចំនួន ០២ លើក កន្លងមកហើយនៅក្នុងខេត្តកំពត ដោយ ៖
-លើកទី ១ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ មិនចាំម៉ោង នៅហាងទូរសព្ទ័យីហោទូកមាសថ្មី ស្ថិតភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ក្រុងកំពត ខេត្តកំពត បានទូរសព្ទ័ដៃចំនួន ៨០ គ្រឿង ។
-លើកទី ២ នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ ផ្ទះលក់ទូរស័ព្ទដៃ យីហោ ធិញ ពេជ្រ ស្ថិតក្នុង ភូមិ កំពង់បាយខាងជើង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត បានទូរសព្ទ័ដៃ ចំនួន ២៩៧ គ្រឿង ។
នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ នេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានប្រគល់ជនសង្ស័យ ឱ្យទៅកម្លាំងនគរបាលខេត្តកំពត ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


