ភ្នំពេញ ៖ ក្រុមក្មេងទំនើង៦នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ហើយត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាបបានកាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នោះ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ឲ្យដឹងថា បញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២២មីនានេះ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបន្តថា ក្រុមក្មេងទំនើងដែលបានធ្វើសកម្មភាពឆក់នៅ លើដងផ្លូវសាធារណៈនេះ មានគ្នីគ្នាចំនួន៣ម៉ូតូ ដោយពួកគេធ្វើសកម្មភាពឆក់១ម៉ូតូ និងពីរម៉ូតូជាអ្នកបិទគូទ។ លោកបន្តថា នៅថ្ងៃទី១៩មីនា ពួកគេបានធ្វើសកម្មភាពឆក់នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ទៅលើជន រងគ្រោះម្នាក់ជាស្ត្រីឈ្មោះ អាត ស្រីកា អាយុ១៧ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សម្ភារៈបាត់រួមមាន៖ ខ្សែកផ្លាទីនចំនួន១ខ្សែ ទម្ងន់៧ជី បន្ដោងមានត្បូងពេជ្រតំលៃជិត២,០០០ដុល្លារ។ ក្រោយពួកក្មេងទំនើង ធ្វើសកម្មភាពឆក់ កម្លាំងនគរបាលបានដេញបង្ក្រាបក្របួចជាប់ទាំងអស់តែម្តង។
អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូឌុបគ្នាទៅផឹកកាហ្វេ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០៦នាក់ខាងលើ ជិះម៉ូតូ០៣គ្រឿង ធ្វើសកម្មភាពឆក់ខ្សែកជនរងគ្រោះ បានសម្រេចរួចគេចខ្លួន។ ជនរងគ្រោះដេញតាមហើយស្រែកឆោឡោ ទើបសមត្ថកិច្ចប៉ុសិ៍្តដេញតាមក្របួចជាប់ទាំងអស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ