ខេត្តបាត់ដំបង៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ២២:២៥នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី លួច ( យកម៉ូតូ ) ០១ ករណី នឹងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន ០២ នាក់ ។
ជនសង្ស័យ ចំនួន ០២ នាក់ ឈ្មោះ រិទ្ធ រ៉ាម៉ន ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិចម្លងរម៊ាំងក្រោម ឃុំអូរសំរិល ស្រុមសំឡូត ខេត្តបាត់ដំបង និង ឈ្មោះ ឡាយ សំណាង ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង ០២ នាក់ខាងលើ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ថា ៖ នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ២១:៣៨នាទី ខ្លួនបានធ្វើសកម្មភាព លួច យកម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ នង ពុទ្ធី ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិ អូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពីធ្វើសកម្មភាពបានរយៈពេល មួយម៉ោងទើបសមត្ថកិច្ចធ្វើការនាំខ្លួនមកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ ។
វត្ថុតាងដកហូតរួមមាន ៖ – ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ZOOMER X ពណ៌ ខ្មៅ ទឹកក្រូច ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខបាត់ដំបង 1AJ 2149 ( ជារបស់ជនរងគ្រោះ )។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើត្រូវបានកម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ:បញ្ញាស័ក្តិ



