ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ ២០២១ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19) ស្រុកល្វាឯម បានអញ្ជើញត្រួតពិនិត្យសកម្មភាពរបស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល សហការជាមួយមន្ទីរពេទ្យបង្អែកស្រុកល្វាឯម ចុះយកវត្ថុសំណាកលើកទីពីរ របស់ប្រជាពលរដ្ឋ ចំនួន៨០៦នាក់ ដែលកំពុងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កតាមផ្ទះ រស់នៅក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ជាប់ពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរស់នៅតាមបែបគន្លងថ្មីស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នោះគឺ “៣ការពារ ៣កុំ” ក៏ដូចជាវិធានការសុខាភិបាលផ្សេងៗឲ្យបានហ្មត់ចត់បំផុត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ទ្រង់ទ្រាយធំ៕ រក្សាសិទ្ធិដោយ៖សារឿន














