ភ្នំពេញ ៖ ក្រសួងទេសចរណ៍សូមជម្រាបជូនដំណឹងដល់ សាធារណជន និងភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់មេត្តាជ្រាបថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំកណ្តាលនៃប្រាសាទអង្គរវត្ត បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃ ប្រាសាទអង្គរវត្តនេះឡើង។
ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) ដែលអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែកញ្ញា។
ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន និងសូមចូលរួមផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជា ទាំងអស់គ្នា ស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!៕ រក្សាសិទ្ធដោយ៖សុទ្ធលី




