ក្រោយពីបើកគណនេយ្យនៅធនាគារ រួចដាក់បញ្ចូលលុយក្នុងនោះ ៩.០០០បាត (ប្រហែល ២៨៦ដុល្លារ) បុរសជនជាតិថៃរូបនេះ ស្ទើរតែគាំងបេះដូងពេលឃើញក្នុងគណនេយ្យរបស់ខ្លួនមានលុយដល់ទៅជាង ១ពាន់លានបាត។
តាមបាងកកកប៉ុស្តិ៍ Wuttichai Meemak បានទៅបើគណនេយ្យ នៅសាខាធនាគារ Krungthai ហើយបានដាក់បញ្ចូលប្រាក់ ៩.០០០បាត កាលពីថ្ងៃ ២៧ខែកុម្ភៈកន្លងមក។
ក្រោយពីទទួលបានប័ណ្ណ ATM គាត់ក៏ទៅសាកល្បងដកប្រាក់ នៅបន្ទប់ ATM ខាងក្រៅធនាគារ ដោយហេតុចង់ត្រួតពិនិត្យមើល, Wuttichai ពិតជាស្រឡាំងកាំង ព្រោះតែស្មានពុំដល់ថា លើអេក្រង់ ATM បានប្រកាសប្រាប់ចំនួនប្រាក់នៅសល់ក្នុងគណនេយ្យរបស់ខ្លួនគឺ 999.999.999បាត ដោយគិតថា ម៉ាស៊ីន ATM នេះមានបញ្ហាបច្ចេកទេស, Wuttichai បានទៅកាន់ម៉ាស៊ីនមួយទៀត ប៉ុន្តែលទ្ធផលដូចគ្នាដដែល។
បុរសសញ្ជាតិថៃបានចែករំលែកខណៈពេលក្លាយជាមហាសេដ្ឋីមួយសន្ទុះ។
Wuttichai, បានពោលថា “ឃើញលទ្ធផលបែបនេះខ្ញុំដកប្រាក់ ២០ម៉ឺនបាត ហើយម៉ាស៊ីននេះបានផ្តល់ឲ្យខ្ញុំគ្រប់គ្រាន់ ក្នុងពេលដែលជាក់ស្តែងខ្ញុំមានត្រឹម៩ពាន់បាតប៉ុណ្ណោះ។ ភ្លាមៗនោះខ្ញុំគិតដល់ផ្ទះធំទ្រនំខ្ពស់ រថយន្តទំនើប ។ល។ ប៉ុន្តែបន្ទាប់មកគឺអារម្មណ៍ភ័យខ្លាចការជាប់ពន្ធនាគារ ហេតុដូច្នេះខ្ញុំក៏ប្រកាសប្រាប់បញ្ហានេះទៅធនាគារ។ បុគ្គលិកធនាគារទាំងនោះក៏ស្រឡាំងកាំង ប៉ុន្តែទោះយ៉ាងណាវាពុំមែនជាលុយរបស់ខ្ញុំទេ”។
រឿងភ័ន្តច្រឡំដែលពុំគួរឲ្យជឿនេះ បានផ្ទុះពេញកាសែតថៃ។ ធនាគារ Krungthai បានធ្វើលិខិតថ្លែងអំណរគុណ Wuttichai ហើយក៏បានធ្វើការកែសម្រួលបច្ចេកទេសឡើងវិញ។ ក្រោយពេលបានក្លាយជាសេដ្ឋីក្នុងរយៈពេលខ្លីមួយ Wuttichai ក៏វិលត្រឡប់មកជាប្រជាជនសាមញ្ញ ដែលមានលុយក្នុងគណនេយ្យ ៩.០០០ប៉ុណ្ណោះ៕ ចន្ទ្រា