ភ្នំពេញ៖ ខណៈដែលមានការរីករាលដាលជំងឺកូវីដ១៩ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ធីតា (TYDA) បានចូលរួមយ៉ាងសកម្ម ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ១៩ ទៅកាន់មន្ទីរពេទ្យ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និងលោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងភរិយា។ សមាគមនេះ បានចុះធ្វើសកម្មភាពមនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង២៥រាជធានី ខេត្ត ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ដល់ទីកន្លែងសំដៅជំរុញឲ្យសេវាសុខភាព សាធារណៈកាន់តែចូលទៅកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។
សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក៏បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈផងដែរ។
អ្នកឧកញ៉ា គិត ម៉េង សង្ឃឹមថា ការបរិច្ចាគថវិកាទាំងនេះ នឹងចូលរួមជួយដល់សកម្មភាព ក្នុងការការពារ និងដឹកនាំប្រជាពលរដ្ឋចេញពីស្ថានភាពដ៏លំបាកនេះ ដើម្បីអាចងាកមកផ្តោតលើការខិតខំចូលរួមចំណែកក្នុងការពាំនាំភាពរីកចម្រើនមកដល់ប្រទេសជាតិ។
អ្នកឧកញ៉ា គិត ម៉េង ក៏បានអំពាវនាវឱ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖CEN



