ភ្នំពេញ ៖ គិតមកត្រឹមថ្ងៃនេះ ពិធីការិនីល្បីឈ្មោះ កែវ ចាន់នីមល និងគ្រួសារ បាននិងកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែអ៊ិនធើកុងទីណង់តាល់) មានរយៈពេល ១៤ ថ្ងៃ ហើយ។
តែទោះយ៉ាងណា អ្នកនាង កែវ ចាន់នីមល និងស្វាមី ពុំទាន់ជាសះស្បើយនៅឡើយទេ ខណៈកូនស្រីអាយុ ១០ ឆ្នាំ របស់ខ្លួន បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ។ នេះបើតាមអ្នកនាង កែវ ចាន់នីមល បានប្រកាសប្រាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។
ប៉ុន្តែ បើទោះជាសះស្បើយពីជំងឺកូវីដ១៩យ៉ាងណាក្តី តែកូនស្រីអ្នកនាង នីមល នៅតែបន្តស្នាក់នៅរួមបន្ទប់ជាមួយឪពុកម្តាយដដែល ព្រោះតែនាងនៅក្មេងមិនអាចនៅផ្ទះម្នាក់ឯងបាន។
ស្របជាមួយការបង្ហោះសារថ្លែងអំណរគុណដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយាលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានកាដូដល់កូនស្រីរបស់ខ្លួន អ្នកនាង កែវ ចាន់នីមល បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «សូមអរគុណបងប្រុសហ៊ុនម៉ាណែត និងបងស្រីពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ព្យាបាលនិងផ្តល់ស្នាមញញឹមដល់ក្មេងៗដែលកំពុងតតាំងនឹងជម្ងឺកូវីត១៩បញ្ជាក់: កូនស្រីនាងខ្ញ៉ំបានជាពីជំងឺកូវីដ១៩តាំងពីថ្ងៃទី១៧ខែមីនាមកម្ល៉េះ តែដោយសារគាត់នៅក្មេងមិនអាចនៅផ្ទះម្នាក់ឯង ក៏សម្រេចអោយស្នាក់នៅបន្តជាមួយប៉ាម៉ាក់ តែគាត់ត្រូវធ្វើតេស្តរហូតដើម្បីប្រាកដថាគាត់មិនមានមេរោគកូវីដនៅក្នុងខ្លួន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







