ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា អ្នកកើតជំងឺកូវីដ-១៩ វ័យ៧៥ឆ្នាំម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីរកឃើញថា កាត់មានកើតជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យ បានជួយសង្គ្រោះគាត់យ៉ាងយកចិត្តទុកដាក់ប្រមាណ ១០ម៉ោង។
ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ឲ្យដឹងទៀតថា អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះ បុរសវ័យចំណាស់កើតជំងឺកូវីដ-១៩ រូបនេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍, គាត់មានអាការ: រលាកសួតធ្ងន់ធ្ងរ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកគាត់ចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន គាត់ក៏ទទួលមរណភាពនាព្រឹកនេះតែម្តង (២២.០៣.២០២១)។
សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ហើយ បានស្លាប់បាត់បង់ជីវិត រួមមាន ÷
១- បុរសជនជាតិខ្មែរឈ្មោះ ឡៅ វណ្ណា អាយុ៥០ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ , បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
២- ស្ត្រីជនជាតិខ្មែរ ឈ្មោះ ងឿន សុផាន្នី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)។
៣- បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ រស់នៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក, បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
៤- បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ថ្មីម្នាក់ទៀតនេះ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN



