ភ្នំពេញ៖ ទីក្រុងរណបកោះពេជ្រ បានកំពុងរីកចម្រើន និងបង្ហាញវត្តមានអាគារខ្ពស់ៗជាច្រើននាពេលបច្ចុប្បន្ននេះ។ ដើម្បីធ្វើឱ្យទីក្រុងកោះពេជ្រ កាន់ទំនើប និងទាក់ទាញសម្រាប់ប្រជាជនកម្ពុជា និងអន្តរជាតិ ក្រុមហ៊ុន OCIC បាននិងកំពុងរៀបចំតំបន់ កម្សាន្តពេលរាត្រី និងផ្លូវថ្មើរជើង នៅជុំវិញទៅក្រុងរណបកោះពេជ្រនេះ។
បច្ចុប្បន្ននេះ នៅតំបន់ជុំវិញទីក្រុងរណបកោះពេជ្រ មានផ្សារទំនើបជាច្រើន បាននិងកំពុងបង្ហាញវត្តមាននៅទីនោះ ដូចជា ផ្សារទំនើប AEON MALL1, អាគារពាណិជ្ជកម្ម និងផ្សារទំនើប The Bridge, ផ្សារទំនើប The Capital ដែលស្ថិតក្នុង គំរោង The Peak, និងផ្សារទំនើប One Mall ជាដើម។
បើតាមការឱ្យដឹងពីលោក ទូច សំណាង អគ្គនាយករងនៃ ក្រុមហ៊ុន OCIC បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំតំបន់កម្សាន្តនាពេល រាត្រី និងផ្លូវថ្មើរជើងនៅជុំវិញទីក្រុងកោះពេជ្រ ព្រោះក្នុងផែនការមេអភិវឌ្ឍន៍គឺទីក្រុងនេះ នឹងមានផ្លូវថ្មើរជើង និងផ្សាររាត្រីនៅព័ទ្ធជុំវិញ។
លោកបានបន្តថា តំបន់កោះពេជ្រ និងជុំវិញ បាននិងកំពុង ប្រែមុខមាត់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់់អន្តរជាតិ ដោយបច្ចុប្បន្នវត្តមាន អាគារពាណិជ្ជកម្មធំៗកំពុងរីកដុះដាល ព្រោងព្រាត ដែលនឹងធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ដើរទិញទំនិញមួយនាពេលអនាគត។
លោកបានបន្ថែមថា ផែនការមេអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ កំពុងដើរតាមលំអានត្រឹមត្រូវ ដោយបច្ចុប្បន្នមានផ្នែកជាច្រើនបាននិងកំពុងបញ្ចប់ ការរៀបចំផ្លូវថ្មើរជើង និងមានភោជនីយដ្ឋានចម្រុះ ដែលបម្រើឲ្យការកម្សាន្តនាពេលរាត្រីសម្រាប់ភ្ញៀវទេសចរ៕ រក្សាសិទ្ធិដោយ៖CEN