Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ប៉ៃលិន ផ្តល់​ស្បៀង​ដល់​ជនបរទេស និង​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ចំនួន​៣៤​គ្រួសារ​

​ខេត្ត​ប៉ៃលិន ៖ អភិបាលខេត្ត​ប៉ៃលិន លោក ជំទាវ បាន ស្រីមុំ នៅ​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ បាន​ដឹកនាំ ក្រុមការងារ នាំយក​ស្បៀង​ទៅ​ចែកជូន​ប្រជាពលរដ្ឋ និង​ជនបរទេស​១​គ្រួសារ ដែល​កំពុង​ធ្វើ​ច​ត្កា​ឡី​ស័ក​ក្នុងផ្ទះ​តាម​ភូមិ​នានា ទូទាំង​ខេត្ត ចំនួន​៣៤​គ្រួសារ​។​

​ការផ្តល់​ស្បៀង​នេះ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយចំនួន ស្នាក់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បានមកពី​តាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្តកណ្តាល ពោធិ៍សាត់ និង រាជធានី​ភ្នំពេញ​ជាដើម ខណ​: ដែល ខេត្ត​មួយចំនួន កំពុង​តែមាន​ករណី​ផ្ទុះឡើង នៃ​ជម្ងឺ​កូ​វីដ​-១៩ ទើប​អាជ្ញាធរខេត្ត​ប៉ៃលិន បាន​ណែនាំ​ឱ្យ​ពួកគាត់ ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ រយ​:​ពេល ១៤​ថ្ងៃ​។ ដោយពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក មិនអាច​ចេញទៅ​ប្រកបមុខរបរ​បាន អាជ្ញាធរខេត្ត​ប៉ៃលិន បានផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយគ្រា​។​

​អាជ្ញាធរខេត្ត​ប៉ៃលិន បាន​ណែនាំ​បន្ថែមទៀត ឱ្យ​ពួកគាត់​យល់ដឹង​កាន់តែច្បាស់ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។

​លោកជំទាវ​អភិបាលខេត្ត បាន​ណែនាំ​ដល់​ពលរដ្ឋ ដែល​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក មិនត្រូវ​ដើរហើរ​ចេញពីផ្ទះ​របស់ខ្លួន ដែល​ក្រុមការងារ​បាន​ហ៊ុ​ព័ទ្ធ​ខ្សែ​ក្រហម​ជុំវិញ ដោយ​គ្មាន​ការអនុញ្ញាត​នោះឡើយ​។ បើសិនជា​ស្រឡាញ់​ខ្លួនឯង ស្រឡាញ់​ក្រុមគ្រួសារ និង​ស្រឡាញ់​សង្គមជាតិ ត្រូវតែ​ចូលរួម​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​មូលដ្ឋាន ហើយ​បើសិនជា​នៅតែ​រឹង​ចចេស អាច​នឹងមាន​ការឆ្លង​ជំងឺ​ក្នុង​សហគម៍​កាន់តែ​ធំ​។

​សូមជម្រាបថា ពលរដ្ឋ​ដែល​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ទាំង​៣៤​គ្រួសារ ទទួលបាន​ស្បៀងអាហារ ពី​អាជ្ញាធរខេត្ត​ប៉ៃលិន មានដូចជា អង្ករ​២៥ គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង ស្ករស ទឹក​សុទ្ធ និង​ត្រីខ និង​ថវិកា​មួយចំនួន​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×