ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃចន្ទ៩ទី២២ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក លាវ វ៉ងពីង នាយកក្រុមហ៊ុនកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅក្រុងបាវិត ខេត្តសា្វយរៀង ។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជាយើងមានវត្តមានជំងឺ កូវីដ១៩ ក្នុងសហគមន៍កន្លងមក ក៏ដូចជាព្រឹត្តិការណ៍២០កុម្ភៈនាពេលបច្ចុប្បន្ន រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះយ៉ាងសកម្ម ជាពិសេសរដ្ឋបាលខេត្តបានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ព្រមទាំងបង្កើតនូវក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្តក៏បានថ្លែងនូវការអរគុណចំពោះលោក លាវ វ៉ងពីង នាយកក្រុមហ៊ុនកាស៊ីណូបាវិតម៉ុកបាយ មិនត្រឹមតែផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋកន្លងមកប៉ុណ្ណោះទេ លោកប្រធានក្រុមហ៊ុនតែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្តទៅលើការងារអភិវឌ្ឍផ្សេងៗជាដើមផងដែរ។ ជាក់ស្តែងសម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ។ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយ និងថវិកាដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
អំណោយដែលក្រុមហ៊ុនកាស៊ីណូបាវិតម៉ុកបាយផ្តល់ជូនរដ្ឋបាលខេត្តរួមមាន ម៉ាសចំនួន៤០កេះធំ ស្មើនឹង ១០ ម៉ឺនម៉ាស់ ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ


