ភ្នំពេញ ៖ លោក ស្តើង ជា ប្រធានគណកម្មការវេជ្ជសាស្ត្រ និងការប្រឆាំងសារធាតុ DOPEIG របស់គណៈកម្មការជាតិរៀបចំស៊ីហ្គេមបានទទួលមរណភាពដោយសារកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ លោកកវេជ្ជបណ្ឌិត ស្តើង ជា មានអាយុ ៧៥ឆ្នាំ មានទីលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
លោកវ៉ាត ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា លោកបានទទួលដំណឹងពីសាច់ញាតិរបស់លោកស្តើង ជា ព្រឹកមិញនេះថា គាត់បានស្លាប់ហើយ ដោយសាច់ញាតិប្រាប់ថា គាត់មានវិជ្ជមានកូវីដ១៩។ យប់មិញគាត់ចូលបន្ទប់សង្គ្រោះបន្ទាន់ ស្រាប់តែព្រឹកឡើងគេថា គាត់ស្លាប់ហើយ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អ្នកជំងឺកូវីដ -១៩ ភេទប្រុស ជន ជាតិខ្មែរ អាយុ ៧៥ ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹកនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។
បុរសវ័យ ៧៥ឆ្នាំខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យ ក្រុម ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា គាត់មានអាការៈហត់ខ្លាំងនិងពិបាកដកដង្ហើម ព្រមទាំងមានការវិវត្តន៍យ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ៣-៤ថ្ងៃមុនចូលដល់មន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំកាយ លើសឈាមផង។ ក្រោយពីការថតសួត បានរកឃើញថា មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមាន ខ្សោយសូតខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់ រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើមហើយនៅតែ មិនអាចជួយបាន ហើយគាត់ក៏បានធ្វើមរណកាលទៅ។
សូមបញ្ជាក់ថា បុរសខាងលើនេះ មានតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ សេចក្តីស្និដ្ឋាន៖ អ្នកជំងឺបានស្លាប់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ដោយខ្សោយសូតធ្ងន់ធ្ងរខ្លាំង និងរលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវីដ-១៩។
ថ្នាក់ដឹកនាំ និងបុគ្គលិក -មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ សូមសំដែងនូវការសោកស្តាយ ជាពន់ពេក និងសូមចូលរួមចែករំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ សូម វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ: ចេស្តារ