ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ CEN នៅល្ងាចថ្ងៃទី២២ ខែមីនានេះថា ក្រុមគ្រូពេទ្យយោធា នៃក្រសួងការពារជាតិ បានទទួលការបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះ នៃការការពារការត្រួតពិនិត្យ នៃការឆ្លងរោគ និងការគ្រប់គ្រងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រោមការចាត់ចែងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យរបស់កងទ័ព ចំនួន៣៥០នាក់ គឺពោរពេញទៅដោយភាពជាក់លាក់ ហើយជាពិសេសនៅថ្ងៃទី២២ ខែមីនា នេះ ក្រុមគ្រូពេទ្យបានចាប់ផ្តើមបណ្តុះបណ្តាលពីការការពារការត្រួតពិនិត្យ នៃការឆ្លងរោគ និងការគ្រប់គ្រងព្យាបាលអ្នកជំងឺកូវីដ-១៩ ដល់អ្នកដែលបានត្រៀមខ្លួនរួចរាល់ដើម្បីទៅធ្វើកិច្ចការងារនេះ។ ហើយកិច្ចការងារនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអ្នកចាត់ចែងផ្ទាល់ក្នុងការប្រើប្រាស់កម្លាំងគ្រូពេទ្យតាមតម្រូវការចាំបាច់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យរបស់កងទ័ពដែលបានរៀបចំរួចរាល់ ដើម្បីត្រៀមទទួលនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានចំនួន ៣៥០នាក់ ត្រូវបានរៀបចំចំនួន ៣០ ក្រុមជាជំហានដំបូង ប៉ុន្តែសម្រាប់ក្រុមដំបូង គឺមកតាមតម្រូវការ។ ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យកងទ័ព គឺសុទ្ធ តែទទួលបានការបណ្តុះបណ្តាលជំនាញយ៉ាងច្បាស់លាស់ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ក្រុមវេជ្ជបណ្ឌិតរបស់ក្រសួងសុខាភិបាល ដែលសុទ្ធតែមានបទពិសោធន៍ព្យាបាលជំងឺកូវីដ-១៩ កន្លង មកនេះ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យ អន្តរាគមន៏ជំងឺកូវីដ-១៩ នគរទេព បានចូលរួមក្នុងពិធីបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះ នៃការការពារការត្រួតពិនិត្យ នៃការឆ្លងរោគ និងការគ្រប់គ្រងព្យាបាលអ្នកជំងឺកូវីដ-១៩ ដល់គ្រូពេទ្យយោធា នៃក្រសួងការពារជាតិ នៅកងពលតូចលេខ៧០ ថ្ងៃចន្ទ ៩ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



