Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​តំបន់ការពារធម្មជាតិ​ជា​ដៃគូ​សន្ទនា​រវាង​ប្រជា​សហគមន៍ និង​រាជរដ្ឋាភិបាល​ក្នុងទិសដៅ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា ចូលរួម​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​

​ភ្នំពេញ​៖ រហូតមកដល់​ខែមីនា ឆ្នាំ​២០២១ នេះ សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ១៧៤ ដែល​នៅ​ជុំវិញ​និង​ក្នុង​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា​ត្រូវបាន​បង្កើតឡើង និង​ទទួលស្គាល់ ដោយ​ក្រសួងបរិស្ថាន​។ សហគមន៍​តំបន់ការពារធម្មជាតិ​ប្រមាណ ៨ ថ្មី​ទៀត​បាននិងកំពុង​រៀប​ចំ​ដំណើរការ​នីតិវិធី​បង្កើត​។ នេះ​បើតាម​ការចេញផ្សាយ​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ការរៀបចំ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ ដើម្បី​បង្កើតជា​ដៃគូ​សន្ទនា​រវាង​ប្រជា​សហគមន៍ និង​រាជរដ្ឋាភិបាល ផ្តល់​ការទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង ផ្លាស់ប្តូរ​យោបល់​គ្នា ស្វែងរក​ដំណោះស្រាយ​រួមគ្នា ចូលរួម​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និង​អ​រូ​បិ​ឱ្យបាន​គង់វង្ស និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បង្កើត​អេកូ​ទេសចរណ៍ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​។

​បច្ចុប្បន្ននេះ សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​យោងតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ បាន​ចុះ កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ​និង​សត្វព្រៃ រួម​នឹង​ជីវៈចម្រុះ​ជាច្រើន​ទៀត​នៅក្នុង​តំបន់​ព្រៃ​សហគមន៍​និង​តំបន់ការពារធម្មជាតិ បាន​ដើរតួនាទី​សំខាន់​សហការ​ជាមួយ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​ព្រៃឈើ និង​ចូលរួម​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌​។ គាំទ្រ​ថវិកា​ដោយ​គម្រោង​និង​អង្គការ​ដៃគូ សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​ក៏បាន​ចូល​ចូលរួមចំណែក​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ​ក្នុង​នោះបាន​ចូលរួម​ដោ​អ​អន្ទាក់ ដែល​នៅ​ឆ្នាំ ២០២០ កន្លងទៅ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ដោះ​អន្ទាក់​បាន​ជិត ៥០០០០​អន្ទាក់ បង្ក្រាប​បទល្មើស​ក្នុង​តំបន់​ធនធានធម្មជាតិ​បាន​ជិត ៨០០០​ករណី រឹបអូស​រណា​យន្ត​ជាង ៤០០០​គ្រឿង និង​កាំភ្លើង​កែច្នៃ​ជិត ១០០០​ដើម​។ ល​។

​សហគមន៍​តំបន់ការពារធម្មជាតិ​បានទទួល​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពីលើ​ការចូលរួម​ថែរក្សា​ធនធានធម្មជាតិ ដោយ​ពួកគាត់​ក៏​អាច​ប្រមូល​អនុផល​ព្រៃឈើ​ប្រចាំឆ្នាំ​ដូចជា​ទឹកឃ្មុំ ផ្លែឈើ ផ្សិត បន្លែ​ជាដើម​ដែល​អាច​ផ្តល់​ចំណូល​បន្ថែម​ជូន​ដល់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​បំណង​ប្រែក្លាយ​តំបន់​អភិរក្ស​ខ្លះ​ដែលមាន​សក្តានុពល​ទេសចរណ៍ ឱ្យទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​ឆ្លើយតប​កំណើន​ឡើង​នៃ​វិស័យ​ទេសចរណ៍ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការដើរ​កម្សាន្ត​។ បច្ចុប្បន្ននេះ ទេសចរណ៍​ក្នុងស្រុក មាន​កំណើន​ឡើង​គួរឱ្យកត់សម្គាល់​។ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទិសដៅ​ធ្វើឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែលជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មកហើយ​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន ដោយ​បង្កើត​មុខរបរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគម​ន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​។​

​ជាមួយនឹង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា ប្រជា​សហគមន៍​នឹងមាន​ជីវភាព​រីកចម្រើន​នា​អនាគត​។ បងប្អូន​នឹង​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ដើម្បី​អនាគត​សហគមន៍​។ រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន​ចង់ឃើញ​ស្នាមញញឹម សាមគ្គីភាពរ​បស់បង​ប្អូន​ប្រជា​សហគមន៍​កាន់តែ​រឹងមាំ កូនៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​សិក្សា​បាន​ជ្រៅ​ជ្រៅ រៀបចំ​សេដ្ឋកិច្ច​សហគមន៍​មានការ​រីក ចម្រើន និង​ធនធានធម្មជាតិ​ត្រូវបាន​ការពារ​បានល្អ​ប្រសើ​រ​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន​សូម​អរគុណ​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​បាន​ខិតខំ​ប្រឹងប្រែង លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត​ចូលរួម​ក្នុង ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​សម្រាប់ មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×