ព្រះវិហារ ៖ បុរសម្នាក់ជាថៅកែហាងផឹកស៊ីឈ្មោះ លុច្សសារី «Beer» នៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់ ដោយនារីរងគ្រោះសុំឈប់ធ្វើការនៅក្នុងហាង តែម្ចាស់ហាងនេះស្រឡាញ់នារីរងគ្រោះ មិនឱ្យឈប់ទេក៏ចាក់សោរនារីរងគ្រោះក្នុងបន្ទប់តែម្តងទៅ។
លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់កាសែតក្នុងស្រុកថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនថៅកែហាងលុច្សសារី «Beer» ម្នាក់ នៅទីតាំងខាងលើពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងបរិវេណទីតាំងហាងរបស់ខ្លួន។ លោកបន្ថែមទៀតថា តាមដំណើររឿងនៃការឃាត់ខ្លួននេះ គឺដោយសារនារីរងគ្រោះសុំឈប់ធ្វើការនៅក្នុងហាង តែម្ចាស់ហាងនេះស្រឡាញ់នារីរងគ្រោះ មិនឱ្យឈប់ទេក៏ចាក់សោរនារីរងគ្រោះក្នុងបន្ទប់តែម្តងទៅ ប៉ុន្តែរឿងរ៉ាវលម្អិតយ៉ាងណានោះនឹងដឹងច្បាប់បន្ទាប់ពីបញ្ចប់ការសួរនាំរបស់សមត្ថកិច្ច។
លោកព្រះរាជអាជ្ញារង បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនបុរសជាថៅកែហាងលុចសារី Beer រូបនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់មិត្តភក្តិនារីរងរងគ្រោះ ដែលបានមកកប្តឹងដល់តំណាងអយ្យការ ពីករណីដែលនារីរងគ្រោះជាមិត្តភក្តិរូបនោះឆាតប្រាប់តាមរយៈបណ្តាញសង្គមហ្វេកប៊ុកថា រូបនាងត្រូវបានថៅកែហាងរូបនេះ បង្ខាំងទុកក្នុងបន្ទប់ដោយចាក់សោរពីក្រៅ។
ក្រោយពីទទួលបានព័ត៌មានពីមិត្តភក្តិនារីរងគ្រោះរួច លោកបានដឹកនាំកម្លាំងនគរបាលក្រុងព្រះវិហារ ចុះទៅពិនិត្យមើលភ្លាមៗដល់ទីតាំងហាង ហើយក៏សុំឱ្យថៅកែហាងរូបនេះ ដែលជាជនសង្ស័យសហការបើកបន្ទប់ ដែលបានចាក់សោពីក្រៅ ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់មានអាការៈស្លេកស្លាំង នៅក្នុងបន្ទប់ពិតប្រាកដមែន។
លោក វុធ សាវី បានបញ្ជាក់ថា ជនសង្ស័យជាថៅកែហាង ឈ្មោះ អ៊ិន ប៊ុន រឿង ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកនារីរងគ្រោះមានឈ្មោះ សួន ស្រីហៀង អាយុ២០ឆ្នាំ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


