ភ្នំពេញ : ក្រសួងសុខាភិបាលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសអន្តរក្រសួងស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គល ដែល ប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងលដាលនៃជំងឺកូវីដ -១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ប្រកាសអន្តរក្រសួងបានធ្វើឡើងកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ប្រកាសអន្តរក្រសួងបានអោយដឹងថា ក្រសួងសុខាភិបាល មានសមត្ថកិច្ចចេញបង្កាន់ដៃពិន័យអន្តរការណ៍ប្រគល់ជូនទៅបុគ្គល ឬនីតិបុគ្គលដែល បានប្រព្រឹត្តអំពើល្មើសដែលចែងក្នុងប្រការ២ នៃប្រកាសអន្តរក្រសួងនេះ ដោយប្រើប្រាស់ទម្រង់បង្កាន់ដៃពិន័យ អន្តរការណ៍ ដែលជាឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងនេះ។
ករណីទទួលប្រាក់ពិន័យដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ ក្រសួងសុខាភិបាលត្រូវប្រើប្រាស់ បង្កាន់ដៃបង់ប្រាក់ដែលបោះពុម្ព និងបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រសិនបើបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើស មិនបាន ដាក់ពាក្យប្តឹងតវ៉ា ឬមិនបាន បង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ៣០ សាមសិប )ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍ នោះមន្ត្រី សុខាភិបាលដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាជម្រះក្តីដែលមាន សមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីជាធរមាន។
ក្រសួងសុខាភិបាល ត្រូវរៀបចំគម្រោងចំណូលពីការពិន័យទៅតាមប្រភេទបទល្មើសនីមួយៗ ដែលចែង ក្នុងប្រការ២ នៃប្រកាសអន្តរក្រសួងនេះ ដើម្បីដាក់បញ្ចូលទៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។
ក្រសួងសុខាភិបាល ត្រូវធ្វើរបាយការណ៍ចំណូលប្រចាំខែ និងប្រចាំឆ្នាំ ផ្ញើទៅក្រស្នងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់
របាយការណ៍ប្រចាំឆ្នាំ។ របាយការណ៍ចំណូលប្រចាំខែ និងប្រចាំឆ្នាំ ត្រូវធ្វើឡើងតាមទម្រង់ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
រក្សាសិទ្ធិដោយ : ចេស្តារ





