ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា គ្រោងស្រង់នាវាផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមបាតទន្លេ ជម្រៅជិត៣០ម៉ែត្រ ឡើងមកលើគោក នាដើមខែមេសាខាងមុខនេះ ដើម្បីយកមករក្សាទុកក្នុងសារមន្ទីរ និងទុកជាកេរដំណែល ដែលសហរដ្ឋអាមេរិក បានបន្សល់ទុក តាំងពីសម័យសង្គ្រាមលន់ នល់ ឆ្នាំ១៩៧២-១៩៧៥។
ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំ នៅទីបញ្ជាការដ្ឋានស្ថិតនៅវត្តមាន់១០ នាថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង បានឱ្យដឹងថា នាវាផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ស្ថិតនៅក្រោមបាតទន្លេមេគង្គ ជម្រៅ ២៧ម៉ែត្រកន្លះ ហើយគ្រោងនឹងស្រង់ឡើងមកលើគោក នៅដើមខែមេសា ខាងមុខនេះ។
ឯកឧត្តម នាង ផាត បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពី សម្តេចក្រឡាហោម ស ខេង សង្ឃឹមថាក្រុមការងារអន្តរក្រសួង នឹងស្រង់យកនាវាចម្បាំងនេះ ដោយទទួលបានជោគជ័យ និងរក្សាបាននូវគុណភាពនាវាចម្បាំងបានល្អ ដើម្បីជាកិត្តិយសប្រទេសជាតិយើងផង និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងផង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានស្នើដល់ក្រុមការងារពាក់ព័ន្ធអន្តរក្រសួងទាំងអស់ថា ការស្រង់នាវាចម្បាំងនេះ គឺធ្វើឡើង១ថ្ងៃ គិត១ថ្ងៃ ពីព្រោះវាជារឿងថ្មីទាំងអស់គ្នា។ ហើយក្រុមការងារ ត្រូវបញ្ចូនរបាយការណ៍មកថ្នាក់លើ ដើម្បីជជែករកវិធីដោះស្រាយ ដើម្បីធ្វើយ៉ាងណា ឲ្យការស្រង់នាវានេះ ទទួលបានជោគជ័យ និងរក្សាបាននូវគុណភាពនាវាបានល្អ ទុកជាកេរដំណែល ទៅក្មេងជំនាន់ក្រោយ៕
រក្សាសិទ្ធិដោយ៖ CEN