លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា វីរុសកូវីដបំលែងថ្មីនេះ គឺកាចសាហាវណាស់ ដោយវាអាចចម្លងទៅមនុស្សរហូតដល់ ៧ នាក់ ក្នុងពេលតែមួយ បើប្រៀបធៀបទៅនឹងវីរុសចាស់ គឺចម្លងបានតែ ៣ ទៅ ៤ នាក់ ប៉ុណ្ណោះ។
លោកស្រីក៏បានឡើងថា ចាប់តាំងពីការផ្ទុះឡើងវីរុសថ្មីនេះមក វាមានការបំលែងខ្លួនដល់ ២៩ បែប គិតត្រឹមចុងឆ្នាំ២០២០ ប៉ុន្តែ វានៅរក្សាគោលការណ៍គ្រឹះរបស់វាដដែល ហើយគេក៏មិនទាន់រកឃើញភាពធ្ងន់ធ្ងរនៃការវាយលុករបស់វាទៅសរីរាង្គកាយមនុស្ស ខ្លាំងជាងវីរុសដើម ឬយ៉ាងណានោះទេ។
តែយ៉ាងណាមិញ បើតាមលោកគ្រូពេទ្យម្នាក់ បានបញ្ជាក់ប្រាប់ឲ្យគួរឲ្យស្លុតរន្ធត់ថា ក្រោយជួបបទពិសោធន៍ក្នុងការគ្រប់គ្រង និងព្យាបាលជំងឺកូវីដ១៩ អស់រយៈពេលជាង១ឆ្នាំមកនេះ លោកពិតជាមានការតក់ស្លុត និងភ័យខ្លាចជាខ្លាំង ចំពោះវីរុសបំលែងថ្មីនេះ ព្រោះថាវាពិតជាសាហាវខ្លាំងណាស់ ដោយក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃ ប៉ុណ្ណោះ វាអាចវាយលុកចូលស៊ីសួតអ្នកជំងឺឡើងខ្ទេចខ្ទីតែម្តង។
នេះបើយោងតាមគណនីហ្វេសប៊ុកលោកគ្រូពេទ្យម្នាក់ឈ្មោះ Vann Mich បានបញ្ជាក់ប្រាប់ឲ្យដឹងថា «មានបទពិសោធន៌ជាង1ឆ្នាំក្នុងគ្រប់គ្រង និងព្យាបាលជំងឺកូវីដដោយគ្មានការភ័យខ្លាចឬតក់ស្លុតឡើយ ។ តែក្នុង1ខែចុងក្រោយនេះចាប់ពី 20 កុម្ភៈ 2021 ខ្ញុំមានអារម្មណ៏ភ័យខ្លាច និងព្រួយបារម្ភណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (variant virus strain) ដែលក្នុងរយៈពេលតែ2ទៅ5ថ្ងៃវាវាយលុកចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាង ។ រូបភាពសួតត្រូវបានមេរោគស៊ីសុះសាច់ដ៏គួអោយខ្លាច ។ គ្មានថ្នាំណាអាចសម្លាប់វាបានទេ គឺមានតែអនុវត្តន៌អោយបានដាច់ខាតតាមប្រសាសន៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ 3កុំ 3ការពារទេទើបអាចទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាតត្បាតនៃមេរោគនេះ ។
សូមបួងសួងដល់ព្រះ និងវត្ថុស័កសិទ្ធក្នុងលោកជួយតាមថែររក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ដល់ថ្នាក់ដឹកនាំប្រទេស ប្រជាជនខ្មែរទាំងអស់ ក្រុមគ្រួសារខ្ញុំនិងខ្លួនខ្ញុំផ្ទាល់បានជៀសផុតពីជំងឺនេះ និងសូមអោយមេរោគនេះសាបរលុតចាកផុតពីប្រទេសខ្មែរយើងឆាប់ៗ ។»៕
រក្សាសិទ្ធិដោយ៖ លឹម ហុង



