តាកែវ ៖ ដោយមើលឃើញពីស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កំពុងសាយភាយខ្លាំងនៅក្នុងប្រទេសកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការកើនឡើង ហើយតម្រូវឲមានការរក្សាគម្លាត និងកាត់បន្ថយការជួបជុំនៃមនុស្សធ្វើការងារផងនោះ លោក ឡោ ជំនិត សមាជិកសភាពាណិជ្ជកម្មខេត្តតាកែវ និងជាម្ចាស់វិនិយោគផ្សារណាត់ទំនើបខ្នាតតូចក្នុងក្រុងដូនកែវ បាននាំយកសម្ភារៈការិយាល័យជា កុំព្យូទ័រយួរដៃ Laptop ចំនួន ៣គ្រឿង និងអំពូលបំភ្លឺសូឡាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យកម្លាំង ១០០វ៉ាត់ ចំនួន ៣អំពូល ជូនដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីប្រើប្រាស់នៅក្នុងអង្គភាព ។
ថ្លែងនៅក្នុងកិច្ចប្រគល់ទទួលសម្ភារៈកុំព្យូទ័រនិងអំពូលសូឡានេះ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានលើកឡើងថាចំពោះសម្ភារៈការិយាល័យដែលទទួលបានទាំងនេះ លោកនឹងយកមកបន្តជម្រុញនិងពង្រឹងដល់ធនធានមនុស្សរបស់កងរាជអាវុធហត្ថខេត្តតាកែវ ឲកាន់តែមានសមត្ថភាពខ្ពស់លើបច្ចេកវិទ្យា និងបន្តខិតខំប្រឹងប្រែងលើកិច្ចការងារបន្ថែមទៀតចំពោះចំណុចចន្លោះប្រហោងលើការបម្រើសេវាសាធារណៈនានាដល់ប្រជាពលរដ្ឋឲ្យកាន់តែលឿននិងរហ័ស មិនតែប៉ុណ្ណោះនិងធានាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្រទឹកដីនៃខេត្ត អោយកាន់តែមានសណ្តាប់ធ្នាប់ល្អ និងសុខសុវត្ថិភាព ជាពិសេសលុបបំបាត់អោយបានចំពោះការចរាចរណ៍សារធាតុញៀន ដែលកំពុងតែកើតមានឡើងនៅតាមទីជនបទ ។
ហើយនៅក្នុងនោះដែរលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ សង្ឃឹមយ៉ាងមុតមាំថា និងទទួលបានការជួយឧបត្ថម្ភជាបន្តបន្ទាប់ទៀតពីបណ្តាលោកឧញ៉ា និងសប្បុរសជននានា ដើម្បីកសាងអង្គភាពអាវុធហត្ថខេត្តតាកែវឲ្យបានល្អប្រសើរជាងនេះទៀត ។
ជាមួយគ្នានេះដែរលោក ឡោ ជំនិត បានធ្វើការកោកសរសើរដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវដែលតែងតែយកចិត្តទុកដាក់លើការធានាពីសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដូច្នេះជំនួយដែលផ្តល់ជាសម្ភារៈបរិក្ខា កុំព្យូទ័រ laptop ចំនួន ០៣គ្រឿងនេះ គឺដើម្បីជម្រុញនិងសម្រួលដល់ការងារមួយចំនួនដោយប្រើប្រាស់លើបច្ចេកវិទ្យារបស់អង្គភាពអោយកាន់តែមានភាពល្អប្រសើរនិងឆាប់រហ័សតទៅមុខថែមទៀត ៕ រក្សាសិទ្ធិដោយ៖ តាកែវ