ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មក ឃើញថាមានប្រជាពលរដ្ឋខ្មែរ និងបរទេសជាច្រើន បានឆ្លងកូវីដ១៩ ជាបន្តបន្ទាប់ ដែលគិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៨៨ នាក់។
ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកឆ្លងដ៏គំហុកបែបនេះ គឺមកទល់ពលនេះ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះ បានឆក់យកជីវិតប្រជាជនខ្មែរអស់ចំនួន ៥ នាក់ ហើយ។ ក្នុងនោះជនរងគ្រោះស្លាប់ដោយសារកូវីដ១៩ មានដូចខាងក្រោម៖
- ករណីទី១ អ្នកជំងឺមានឈ្មោះ ឡៅ វណ្ណា ភេទប្រុស អាយុ ៥០ ឆ្នាំ (មុខរបរបើកឡានឱ្យជនជាតិចិននៅខេត្តព្រះសីហនុ) មានទីតាំងស្ថិតនៅ ផ្ទះលខ ៥៧ ផ្លូវលំ ក្រុមទី១២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
- ករណីទី២ អ្នកជំងឺឈ្មោះ នួន សុផានី ភេទ ស្រី អាយុ ៦២ ឆ្នាំ មានទីតាំងស្ថិតនៅ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាភរិយារបស់អ្នកចម្រៀងជើងចាស់លោក ហូរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀងកញ្ញា វី ឌីណែត បានស្លាប់កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
- ករណីទី៣ អ្នកជំងឺឈ្មោះ គឹម ឃីស៊ុន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មានទីតាំងស្ថិតនៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១។
- ករណីទី៤ អ្នកជំងឺជាសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស្តើង ជា ភេទ ប្រុស អាយុ ៧៥ ឆ្នាំ មានទីតាំងស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ ក្រោយឆ្លងត្រឹមតែមួយថ្ងៃ។
- ករណីទី៥ អ្នកជំងឺឈ្មោះ អ៊ិន ម៉ានីតា អាយុ ៦២ ឆ្នាំ ត្រូវជាម្តាយរបស់ស្រីពីន តារាកំប្លែងក្រុមនាយក្រឹម រស់នៅ ភូមិមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅថ្ងៃនេះ (ទី២៣ ខែមីនា ឆ្នាំ២០២១) ក្រោយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



