Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះការរីករាលជាសកល នៃមេរោគកូវីដ-១៩ ក្រុមហ៊ុនធំៗនៅកម្ពុជា កំពុងដំណើរការអាជីវកម្មផលិតចំណីសត្វ

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញរបាយការណ៍ផ្សព្វផ្សាយព័ត៌មាន លើផេកហ្វេសប៊ុកផ្លូវការថា ការរីករាលជាសកលនៃមេរោគកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល មិនអាចគណនាបាន ហើយក៏មិនអាចដឹងបានឲ្យប្រាកដថាវិបត្តិនេះ នឹងបញ្ចប់នៅពេលណានោះដែរ។

ស្ថិតក្នុងស្ថានភាពដ៏លំបាកស្មុគស្មាញនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកៀគរ សហការ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីពង្រីកសក្តានុពលផលិត លើគ្រប់អនុវិស័យឲ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ប្រយោជន៍ដើម្បីរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ បន្តរក្សានូវកំណើនសេដ្ឋកិច្ចគ្រួសារនៅជនបទ បង្កើតឱកាសការងារ រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុង អំឡុងពេលនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកុម្ភៈ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ។

ដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ដែលមាន អាសយដ្ឋាននៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ដែលកំពុងដំណើរការអាជីវកម្មផលិតចំណីសត្វមានជាអាទិ៍៖ ចំណីមាន់ ទា ជ្រូក គោ និងចំណីត្រី ដោយបានដាក់ទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារ។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនកាលពីថ្ងៃទី២២ ខែមីនា បានបញ្ជាក់ឲ្យដឹងថា យោងលើតម្រូវការចាំបាច់នៅលើទីផ្សារ នៃផលិតកម្មចំណីសត្វ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិត និងលក់ចំណីសត្វបានសរុបចំនួន ១១៨ ៥០០តោន ក្នុងនោះមាន៖ ចំណីមាន់សាច់ ៩ ០០០តោន, ចំណីមាន់ស្រុក ២៨ ០០០តោន, ចំណីមាន់យកពង ១០ ០០០តោន, ចំណីជ្រូក ២៣ ០០០តោន ចំណីគោ ៧ ៥០០តោន ចំណីត្រី ៧ ០០០តោន និងចំណីទា ៣៤ ០០០តោន។

ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកបង្កើនការកែច្នៃ ផលិតផលកសិកម្មក្នុងស្រុក សម្រាប់ឆ្នាំ២០២០ ក្រុមហ៊ុនបានប្រមូលទិញវត្ថុធាតុដើមសរុបចំនួន ៥៧ ៨០០តោន ក្នុងនោះមាន៖ ពោត ២០ ០០០តោន, សណ្តែកសៀង ១២ ០០០តោន, ដំឡូងមីស្ងួត ៦ ០០០តោន, ចុងអង្ករ ១ ៨០០តោន, កន្ទក់ ១៤ ៤០០តោន, ថ្មកំបោរ ៣ ០០០តោន, និងម្សៅត្រី ៦០០តោន។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានស្នើសុំគោលការណ៍ នាំចូលវត្ថុធាតុដើមផ្សំចំណីសត្វមួយចំនួនទៀតផងដែរ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានបរិមាណសរុបចំនួន ៦៦ ៩៩៦តោន។
បចុប្បន្ន ក្រុមហ៊ុនមានបុគ្គិលិក និងកម្មករ សរុបចំនួន ២៥០នាក់ (ស្រ្តី ៥០) មានជំនាញគណនេយ្យ ពេទ្យសត្វ គ្រប់គ្រង ទីផ្សារ អគ្គីសនី មេកានិច កម្មករ អ្នកវេច្ចខ្ចប់ និងអ្នកបញ្ចេញទំនិញ។

ដោយសារកំណើនផលិតកម្មចិញ្ចឹមសត្វមានការកើនឡើង ធ្វើឲ្យកម្លាំងផលិតក្នុងឆ្នាំ ២០២០ កើនឡើង ៣០% បើធៀបទៅឆ្នាំ២០១៩ ហើយប្រាកដណាស់ កំណើននេះនឹងនៅតែ បន្តសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ នេះបើតាមការអះអាងរបស់លោកនាយកក្រុមហ៊ុន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×