ត្បូងឃ្មុំ៖ មន្ត្រីប៉ូលីសនាយរងការិយាល័យសេដ្ឋកិច្ចនៅស្នងការខេត្តត្បូងឃ្មុំម្នាក់បានធ្វើតេស្ដវិជ្ជមាននៅថ្ងៃទី២៣មីនានេះ បន្ទាប់ពីបានធ្វើដំណើរទៅលេងផ្ទះមេបញ្ជាកងរាជអាវុធហត្ថខេត្ត ទៅបុណ្យសពម្ដាយនៅខេត្តព្រៃវែង ទៅសម្រាកព្យាបាលនៅពេទ្យឯកជន និងទៅហាងគុយទាវ។
កាលពីថ្ងៃទី១០មីនា បានទៅលេងផ្ទះលោក ស៊ុន ផឹកឡេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំនៅភូមិបេង ឃុំដារ ស្រុកមេមត់។ ថ្ងៃទី១២មីនា ទៅបុណ្យសពម្ដាយបង្កើតនៅភូមិថ្មពួន ស្រុកកញ្ជៀច ខេត្តព្រៃវែង។ ថ្ងៃទី១៥មីនា ទៅសម្រាកព្យាបាលនៅពេទ្យឯកជនយីហោ២៤ម៉ោងនៅឃុំមេមត់ និងថ្ងៃដដែលនេះ បានវិលសម្រាកនៅផ្ទះភូមិចំការគរ ឃុំដារ ស្រុកមេមត់។ ថ្ងៃទី១៦ ទៅពេទ្យយីហោ២៤ម៉ោងម្ដងទៀត និងបានទៅលេងផ្ទះមួយទៀតរបស់លោក ស្រ៊ុន ផឹង មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិសង្គមមានជ័យថ្មី ឃុំមេមត់។ ថ្ងៃទី២០ បានទៅហាងគុយទាវ ងួន ទូច និងឈ្មោះ កែវ បូរ៉ា នៅភូមិមេមត់។
ចេញសេចក្ដីប្រកាសព័ត៌មានស្តីពី ការផ្អាកជាបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្ដាទីតាំងមួយចំនួន ស្ថិតនៅសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ពីមន្ត្រីនគរបាលម្នាក់ វិជ្ជមានកូវីដ១៩៖រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងករណី ព្រឹត្តិការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តត្បូងឃ្មុំ បានរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ ជាបុគ្គលទី១ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ឡេង់ ពៅ អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានមុខរបរជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ បាន សម្រេចបិទការចរាចរណ៍ចេញ-ចូល ចំនួន៤ទីតាំងគឺ ១ / មន្ទីរសម្រាកព្យាបាលមេឌីកា២៤ម៉ោង ស្ថិតនៅភូមិ មេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ២/ គ្លីនិកពេទ្យនិម្មិត ក្រុងសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ៣/ ស្នាក់ការនគរបាលសេដ្ឋកិច្ច ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ៤ / ផ្ទះអ្នកជំងឺរស់នៅ ភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីវេលាម៉ោង ១៦:០០នាទី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ ជាមួយគ្នានេះដែរ ចំពោះបងប្អូនដែលបានជួបប្រាស្រ័យទាក់ទង ប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុគ្គល ខាងលើ សូមទំនាក់ទំនងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងគ្រប់គ្រងបាន រដ្ឋបាលខេត្ត នឹងជូនដំណឹងបើកឲ្យដំណើរការធ្វើចរាចរណ៍ចេញ-ចូលវិញនៅពេលក្រោយ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែលរស់ នៅក្នុងសង្កាត់សួង ក្រុង់សូង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ នឹងអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល រួមនឹងតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវតែអនុវត្តនូវវិធានការសុខាភិបាល៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ