ភ្នំពេញ៖ បើតាមការឲ្យដឹងពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រោមការ ចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងសុខាភិបាលនឹងដាក់ដំណើរការម៉ាស៊ីន PCR សម្រាប់ធ្វើតេស្ដរកមេរោគកូវីដ១៩ និងមេរោគផ្សេងៗចំនួន ៣បន្ថែមទៀត នៅខែមេសាខាងមុខនេះ។
លោកជំទាវ បានបន្តថា ក្រោមការជំរុញ និងចូលរួមពីអង្គការដៃគូ ម៉ាស៊ីនធំៗចំនួន២ សម្រាប់តេស្ដ សំណាករកមេរោគកូវីដ១៩ នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដោយម៉ាស៊ីនមួយគ្រឿងដំបូង នឹងមកដល់នៅសប្ដាហ៍ក្រោយ ដែលនឹងដាក់ដំឡើងនៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ ដោយឡែកម៉ាស៊ីនមួយគ្រឿងទៀត នឹងមកដល់នៅថ្ងៃទី១៩ ខែមេសា ដែលនឹងបំពាក់ នៅវិទ្យាស្ថានសុខភាពសាធារណៈ។
លោកជំទាវ យក់ សម្បិត្ត បានមានប្រសាសន៍ថា សម្រាប់ការជ្រើសទីតាំងទាំង២ខាងលើនេះ ដោយសារមណ្ឌលនេះ សង្គត់ធ្ងរលើមន្ទីរពិសោធន៍ស្រាប់ ជាអំណោយផលមួយ ដែលយើងអាចដាក់ម៉ាស៊ីនចូលទៅ អាចដំណើរការបានតែម្ដង ទាំងការគ្រប់គ្រង ការយកសំណាក និងការធ្វើតេស្ដបានយ៉ាងរហ័ស។ ដូច្នេះយើងនឹងដំណើរការ យ៉ាងយូរក្រោយចូលឆ្នាំខ្មែរ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះក្នុងសហគមន៍២០កុម្ភៈ ដោយក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ នាយករដ្ឋមន្ដ្រី ឱ្យក្រសួងសុខាភិបាល ពន្លឿន និងជំរុញការបំពាក់ម៉ាស៊ីននេះ ឱ្យមានលទ្ធភាពពិនិត្យសំណាក ឱ្យបានកាន់តែឆាប់រហ័ស។
លើសពីនេះទៅទៀត លោកជំទាវរដ្ឋលេខាធិការបន្តថា ក្រសួងក៏ទើបទទួលបានម៉ាស៊ីន PCR មួយគឿងទៀត ដែលជាជំនួយឥតសំណងរបស់មិត្ដចិន ហើយទើបមកដល់កាលពីសប្ដាហ៍មុន ដែលនឹងបំពាក់នៅខេត្ដព្រះសីហនុ បន្ទាប់ពីក្រុមជំនាញការនៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកដល់នៅថ្ងៃទី២៩ ខែមីនាខាងមុខ ដើម្បីមកជួយដំឡើងម៉ាស៊ីននេះ។ ដូច្នេះនៅពេលមានម៉ាស៊ីនធំ សម្រាប់តេស្ដសំណាកនៅខេត្ដព្រះសីហនុ រាល់សំណាកនៅខេត្ដកែប និងកំពត ក៏នឹងអាចដឹកជញ្ជូនសំណាក មកពិនិត្យនៅខេត្ដព្រះសីហនុបានផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បនេះ ចំពោះមុខយើងមានម៉ាស៊ីនធំៗ ចំនួន៣ ដែលនឹងដំឡើងដាក់ឱ្យដំណើរការព្រមគ្នាតែម្ដង នៅខែមេសាខាងមុខនេះ៕
រក្សាសិទ្ធិដោយ ៖ CEN


