ដូចបានទទួលជ្រាបរួចហើយ ជុំវិញករណីតារាចម្រៀងស្រី សួស វីហ្សា វិជ្ចមានកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលការធ្វើតេស្តរកជំងឺនេះចំនួន៣លើក ខណៈស្វាមីរបស់នាង ពុំរកឃើញមានវិជ្ជមានកូវីដ១៩នោះទេ បើទោះជាត្រូវបានតេស្ត៣លើកដូចគ្នាក៏ដោយ។
តែដោយឡែក លោក សួន ពិសិដ្ឋ វិញ ដែលជាអ្នកនិពន្ធ និងជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស ផងដែរ បានចេញមកបញ្ជាក់ពីអាការខ្លួន ក្រោយពីបានជួប សួស វីសា នៅក្នុងការថត MV បទចម្រៀងត្រៀមអបអរថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ កាលពីថ្ងៃទី៦ ខែមីនា កន្លងទៅ។
លោក សួន ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា «ក្នុងរូបភាពនេះគឺក្នុងទិដ្ឋភាពកាលដែលយើងបានថត MV កាល់ពីថ្ងៃ ទី៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះរួមគ្នាក្នុងស្នាដៃបទចម្រៀងថ្មីដែលខ្ញុំបានតែងនិពន្ធផលិតជូនប្អូនស្រី សួស វីស្សា ច្រៀងឆ្លើយតបនិងខ្ញុំ មួយបទម្នាក់ សម្រាប់ក្នុងឧកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ព.ស. ២៥៦៤ ចូល ២៥៦៥ នៃគ.ស. ២០២១ នេះក្នុងការផលិតរបស់ផលិតកម្មក្រុមហ៊ុន ហង្សមាស។ ខ្ញុំបានទៅពិនិត្យធ្វើតេស្ដ៍២លើករួចហើយ លើកទី១ ក្នុងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លើកទី២ ក្នុងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺ អវិជ្ជមាន! ហើយកន្លងមកខ្ញុំក៏បានធ្វើចត្តាឡីស័កខ្លួនឯងតាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ រហូតមកដល់សព្វថ្ងៃនេះដែរ បើគិតទៅអស់រយៈពេល១៤ថ្ងៃហើយដែរ ហើយខ្ញុំនឹងនៅតែបន្តការចត្តាឡីស័កខ្លួនឯងតទៅទៀត!»។
ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅផ្ទះនេះផងដែរ លោក សួន ពិសិដ្ឋ ក៏បានចែករំលែកពីវិធីថែរក្សាសុខភាពថា៖ «ក្នុងអំឡុងពេលចត្តាឡីស័កនេះដែរក៏ខ្ញុំបានអនុវត្តិការថែរទាំសុខភាពជាចម្បង ងើបពីព្រលឹម ស្រូបយកពន្លឺថ្ងៃ ស្រូបខ្យល់អាកាសបរិសុទ្ធ ហាត់ប្រាណ២ម៉ោងជាងក្នុងមួយៗទៀងទាត់ជារៀងរាល់ថ្ងៃ មិនទម្រន់ ផឹកតែក្ដៅនិងក្រូចឆ្មា ខ្ញី ទឹកឃ្មុំច្រើនដងជាប្រចាំ និងញ៉ាំ Vitamin C ។ ខ្ញុំមិនមានអការអ្វីមិនល្អនុះទេ សុខភាពខ្ញុំរឹងមាំល្អបរិបូណ៍ជាធម្មតា! ខ្ញុំនឹងទៅពិនិត្យជាលើកទី៣ក្នុងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ! »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







