ភ្នំពេញ ៖ ក្រុមចោរឆក់ចំនួន៣នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីបុរសម្នាក់ដែលអង្គុយចុចលេង នៅមុខផ្ទះបានសម្រេចរួចជិះគេខ្លួន ភ្លាមៗនោះជនរងគ្រោះនិងប្រជាពលរដ្ឋស្រែកថាចោរៗ ខណៈសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះ ក៏ធ្វើដេញចាប់បានម្នាក់ និងបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ចំណុចហាងបើប៊ីម៉ាត ផ្លូវ១០៥Kភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លី សុខ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួននិងបក្ខពួក២ទៀតឈ្មោះ អាវីត និងអាឡុញកំពុងរត់គេចខ្លួន។ ចំណែកជនរងគ្រោះមានឈ្មោះ ខៀវ គឹមហុង អាយុ២៤ឆ្នាំមុខរបរគូរប្លង់រស់នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ទូរស័ព្ទដែលចោរឆក់ម៉ាកអាហ្វូន១១ប្រូពណ៌ខ្មៅមួយគ្រឿង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ដំណើររឿងមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទនៅមុខផ្ទះ ខណៈនោះជនសង្ស័យមានគ្នាចំនួន៣នាក់ជិះម៉ូតូ២គ្រឿងជិះមកធ្វើសកម្មភាពឆក់បានសម្រេចតែម្តង។ រួចព្យាយាមជិះគេចខ្លួនភ្លាមៗនោះជនរងគ្រោះ និងប្រជាពលរដ្ឋបានស្រែកថាចោរៗ គាប់ជួនសមត្ថកិច្ចកំពុងជិះល្បាតនៅក្បែរនោះ ក៏ធ្វើការដេញចាប់ជនសង្ស័យម្នាក់ ខណៈ២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ចំណែកបក្ខពួកនៅសល់ជំនាញកំពុង បន្តការស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោស តាមច្បាប់នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម