នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យបានចុះទៅយកស្រ្តីចំណាស់ៗ២នាក់ទៀត ដែលមានវិជ្ជមានកូវីដ១៩ ក្រោយពីបានប៉ះពាល់ដោយផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ។
ស្រ្តីចំណាស់ៗទាំងពីរនាក់ ដែលទើបត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមានម្នាក់អាយុ ៧៧ ឆ្នាំ ត្រូវជាប្រពន្ធលោកវេជ្ជបណ្ឌិត ស្តើង ជា និងម្នាក់ទៀតអាយុ ៦៩ ឆ្នាំ ជាអ្នករស់នៅជាមួយគ្នា នៅក្នុងផ្ទះស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តែយ៉ាងណា បើតាមមន្រ្តីសុខាភិបាលបានអះអាង ក្រៅពីអ្នកជំងឺចំណាស់ៗខាងលើ គឺនៅមានមនុស្សម្នាក់ទៀតរស់នៅក្បែរ ក៏អាចឆ្លងជំងឺកូវីដ១៩ផងដែរ ព្រោះតែងតែឧស្សាហ៍ចេញចូលផ្ទះលោក ស្តេីង ជា ហើយខណៈពេលនេះមន្រ្តីជំនាញក៏កំពុងធ្វើការនេះ។
គួរបញ្ជាក់ថា លោកវេជ្ជបណ្ដិត ស្ដើង ជា ដែលជាជនរងគ្រោះទី៤ ដែលបានស្លាប់ដោយសារកូវីដ១៩ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)៕ រក្សាសិទ្ធិដោយ៖ លឹមហុង

