ករណីនៃទង្វើរបង្ហោះម៉ូតូពីសំណាក់ក្មេងស្ទាវៗ ជាពិសេសនៅតាមតំបន់កន្លែងកម្សាន្តនានា និងក៏ដូចនៅតាមស្រុកភូមិ គឺនៅតែកើតមាន បើទោះជាសមត្ថកិច្ចធ្វើការបង្រ្កាប និងដាក់ទណ្ឌកម្មជារឿយៗយ៉ាងណា។
តែយ៉ាងណាមិញ ទាក់ទងនឹងពួកក្មេងស្ទាវ នៅតែបន្តព្រហើនបង្កការរំខាន និងក៏ដូចជាធ្វើឲ្យអ្នកដំណើរបុកពោះម្តងៗ ចំពោះសកម្មភាពបង្ហោះម៉ូតូរបស់ពួកគេនៅលើដងផ្លូវបែបនេះ គឺអាចដោយសារតែសមត្ថកិច្ចដាក់ទណ្ឌកម្មទៅលើពួកគេហាក់នៅស្រាលពេកហើយមើលទៅ។
ទោះយ៉ាងណា ជាមួយនឹងការដាក់ទណ្ឌកម្មរបស់កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្តរតនគីរី ឯណេះវិញ ឃើញថា បានទទួលការកោតសរសើរជាខ្លាំង តាមរយៈឲ្យក្មេងស្ទាវបង្ហោះម៉ូតូ២នាក់ ដោះកង់មុខ រួចកាន់លោតអង្កក់ជើង១ជុំវិញដងទង់ជាតិ ម្នាក់ៗ១០ជុំឡើងស្ពឹកមុខ និងបន្ទាប់មកឲ្យលុតជង្គង់ក្រាបបង្គំកង់ម៉ូតូ៣ដង រួចនិយាយថា «ឱលោកម៉ូតូអើយ ថ្ងៃក្រោយខ្ញុំឈប់បង្ហោះលោកទៀតហើយ ប្រសិនបើខ្ញុំបង្ហោះទៀត សូមឲ្យប៉ូលីសដាក់ទោសតាមច្បាប់»។
តាមរយៈនេះផងដែរ មហាជនជាច្រើនក៏បានលើកឡើងថា ប្រសិនបើសមត្ថកិច្ចនៅតាមមូលដ្ឋានភូមិឃុំ ម៉ឺងមាត់បែបនេះ នោះប្រហែលជាគ្មានទៀតទេពួកក្មេងស្ទាវកាប់ចាក់ ឬ បង្ហោះម៉ូតូ ពោលគឺទាល់តែកងអន្តរាគមន៍ពិសេសចេញមុខ ទើបពួកវាខ្លាចញញើត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













