លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញបច្ចេកទេសក្រសួងដើម្បីពិនិត្យ និងកែសម្រួលបញ្ជីប៉ាន់តម្លៃ នៃគម្រោងសាងសង់ហេដ្ឋារចនា
សម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយការចូលរួមពីឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយមានការកម្រិតចំនួនអ្នកចូលរួមត្រឹមតែថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសសំខាន់ៗមួយចំនួនតូចប៉ុណ្ណោះដើម្បីចូលរួមការពារ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារជំនាញបច្ចេកទេសរបស់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែរៀបចំ និងកែសម្រួលបញ្ជីប៉ាន់តម្លៃរបស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅចុងខែមីនានេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពាក់ព័ន្ធធ្វើការពិនិត្យសម្រេច។
សូមរំលឹកជូនថា៖ នៅចុងឆ្នាំ២០២០កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប្រវែងសរុប៩៨,៣៤គីឡូម៉ែត្រ ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភ័ណភាពទីក្រុងឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ ស្រយាលនៅជាយក្រុង និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងខេត្តនេះ៕
រក្សាសិទ្ធិដោយ ៖ CEN