ខេត្តរតនគិរី៖ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី លោក ឆាយ សាវុធ បានឲ្យដឹងថា ខេត្តរតនគិរី មានជនជាតិដើមភាគតិចចំនួន ៨ជនជាតិ ហើយសព្វថ្ងៃនេះ មានសហគមន៍តម្បាញ ប្រមាណ ៧ សហគមន៍ ដែលតម្បាញសំបូរជាងគេ គឺរបស់ជនជាតិទំពួន ហើយជនជាតិក្រឹងមានតិចតួច។
លោកប្រធានមន្ទីរវប្បធម៌ខេត្តរតនគិរី បានឱ្យដឹងទៀតថា ក្រណាត់តម្បាញរបស់ពួកគាត់ ច្រើនប្រើប្រាស់នៅពេលប្រារពពិធីបុណ្យប្រពៃណី ហើយក្រណាត់ទាំងនោះ ក៏ធ្លាប់បានយកទៅតាំងពិពណ៌ថ្នាក់ខេត្ត និងតាំងបង្ហាញម៉ូតនៅថ្នាក់ជាតិកន្លងមកផងដែរ។ លោកបន្តថា ក្រណាត់ត្បាញ របស់បងប្អូនជនជាតិដើមទំពួន មិនត្រឹមតែអាចជួយផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់បានទេ ប៉ុន្តែថែមទាំងបានជួយថែរក្សាវប្បធម៌ប្រពៃណីទៀតផង។
ជនជាតិទំពួនភាគច្រើនបានរៀនសូត្រពីជំនាញតម្បាញនេះពីសាលារៀន និងរៀនជាមួយឪពុកម្តាយផ្ទាល់ របស់ពួកគេ។ យុវតីជនជាតិទំពូន២រូប រស់នៅភូមិសីល សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី បាន ឱ្យដឹងថា ពួកគាត់បានមកជួយត្បាញក្រណាត់ម្តាយរបស់គាត់ ដើម្បីជួយរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។ ប្អូនស្រី បានចាប់ផ្អើម រៀនត្បាញក្រណាត់ពីម្តាយតាំងពីក្មេង ដែលរហូតមកដល់ពេលនេះប្អូនចេះស្ទាត់ អាចត្បាញក្រណាត់លក់ជាប្រចាំថ្ងៃបាន។ ក្រណាត់ក្រមាមួយ មានប្រវែង៣ម៉ែត្រ ប្អូនអាចត្បាញ និងលក់ក្នុងតម្លៃរាយ បាន ១៦០០០ រៀល ក្នុងមួយក្រមា និងបោះដុំបាន ៥០០០ រៀល។
គួរបញ្ជាក់ថា ក្រណាត់ តម្បាញរបស់បងប្អូនជនជាតិភាគតិច ត្រូវ បានយកទៅកែ ច្នៃ ជា ថង់ កាបូប ស្ពាយ ស្រោម ទូរស័ព្ទ សម្លៀកបំពាក់ ម៉ូត ថ្មី ឬជា កន្សែង បង់ កជាដើម។ ក្រោយពីត្បាញចេញជាផលិតផលសំរេច ហើយ បងប្អូនជនជាតិដើមភាគតិចទំពួន ច្រើនតែយកទៅលក់ តាមរមណីយដ្ឋាន ឬហាងវត្ថុអនុស្សាវរីយ៍ ដោយក្រណាត់ដែលពួកគេត្បាញបានទាំងនេះ គឺអាចយកទៅកែច្នៃជា អាវ កន្សែង កាបូប ស្បែកជើង និងសំពត់ជាដើម ដោយក្រណាតត្បាញនេះ ភាគច្រើនជាស្រ្តី និងមនុស្សចាស់ត្បាញ ដែលពួកគាត់មានពេលទំនេរនៅផ្ទះច្រើន ឬមិនអាចទៅធ្វើស្រែចំការបាន៕
រក្សាសិទ្ធិដោយ៖CEN





