Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ ណែនាំឲ្យអ្នកវិជ្ជមានកូវីដ១៩ និងកំពុងធ្វើចត្តាឡីស័ក អានសៀវភៅ និងស្តាប់ព្រះធម៌ ដើម្បីកាត់បន្ថយការតានតឹងក្នុងចិត្ត

ភ្នំពេញ ៖ អ្នកជំនាញឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត យឹម សុបុត្រា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រសាសន៍ថា អ្នកវិជ្ជមានកូវីដ១៩ និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក អាចជ្រើសរើសយកការអាន និងស្តាប់ ព្រមជាមួយការធ្វើលំហាត់ប្រាណ ការគេង និងញុំាអាហារឲ្យមានតុល្យភាព ព្រោះកត្តាទាំងអស់នេះ អាចជួយកាត់បន្ថយការតានតឹងក្នុងចិត្តបាន។ ការស្តាប់ព្រះធម៌អប់រំចិត្ត ក៏ជាកត្តាមួយ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ស្ងប់ស្ងាត់ផងដែរ។

លោកវេជ្ជបណ្ឌិតបន្តថា ក្នុងអំឡុងពេលដែលអ្នកទទួលបានលទ្ធផលវិជ្ជមាន នៃជំងឺកូវីដ១៩ ឬអ្នកដែលកំពុងធ្វើចត្តាឡីស័កនេះ តែងតែជួបប្រទះនូវបញ្ហាផ្លូវចិត្ត ជាពិសេសគឺព្រួយបារម្ភអំពីសុខភាពខ្លួនឯងផង និងសុខភាពអ្នកនៅជុំវិញខ្លួនផង។ ចំពោះអ្នកដែលទទួលបានលទ្ធផលវិជ្ជមាន នៃជំងឺកូវីដ១៩, លោកវេជ្ជបណ្ឌិត សូមឲ្យអ្នកជំងឺ ជឿទុកចិត្តលើការព្យាបាលរបស់ក្រុមគ្រូពេទ្យ ហើយត្រូវទទួលស្គាល់ថា វិបត្តិកូវីដ១៩នេះ ជាបញ្ហាសាកល មិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជានោះទេ។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា “អ្នកដែលវិជ្ជមានកូវីដ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័ក តែងតែមានការព្រួយបារម្ភ អំពីបញ្ហាសុខភាពរបស់ខ្លួន និងបារម្ភអំពីបញ្ហាជីវភាព។ ប៉ុន្តែយ៉ាងណាក្តី លោកវេជ្ជបណ្ដិត លើកទឹកចិត្តឲ្យអ្នកទាំងនោះ ធ្វើ ចិត្តឲ្យរឹងមាំ ព្រោះវាគឺជារឿងសំខាន់ ក្នុងការព្យាបាលជំងឺ ឲ្យកាន់តែទទួលបានប្រសិទ្ធិភាព”។

គួរបញ្ជាក់ថា ក្នុងនាមជាអ្នកជំនាញឯកទេសផ្លូវចិត្ត លោកវេជ្ជបណ្ឌិតបាន អំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរៀនទទួលស្គាល់ការពិត ថាបញ្ហានេះ ជាបញ្ហាសាកល មិនមែនតែកម្ពុជានោះទេ ព្រមជាមួយនោះ ត្រូវថែទាំទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អប្រសើរ ហើយធ្វើយ៉ាងណាត្រូវទទួលយកឱ្យបាននូវភាពលំបាក ក្នុងកាលៈទេសៈនេះ និងត្រូវចូលរួមគោរពវិធាន ៣កុំ និង៣ការពារ ហើយប្រសិនបើមិនចាំបាច់ កុំចេញក្រៅពីផ្ទះ ជាពិសេសទៅកន្លែងដែលមានមនុស្សច្រើន៕
រក្សាសិទ្ធិដោយ៖CEN

×