ភ្នំពេញ ៖ បើយោងតាមការចុះផ្សាយព័ត៌មាន នៅលើផេកហ្វេសប៊ុកផ្លូវការ របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺនារសៀលថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ខាត់ សារ៉ាត់ នាយប៉ុស្តិ៍ព្រំដែនអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិតខេត្តស្វាយរៀង (ត្រូវជាប្អូនថ្លៃសម្តេចក្រឡាហោម ស ខេង) ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ០៨:១០នាទីព្រឹក ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ស ពៅ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតា ជាទីស្រឡាញ់ និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ខាត់ សារ៉ាត់ ឆាប់បានទៅកាន់សុគតិភពកុំ បីឃ្លៀងឃ្លាតឡើយ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា នេះជាការបាត់បង់មន្ត្រីសកម្មម្នាក់ ក្នុងការបម្រើកិច្ចការថ្នាក់ដឹកនាំ ចូលរួមបម្រើកិច្ចការសង្គម និងប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN

