ភ្នំពេញ ៖ ទាក់ទងព្រឹត្តិការណ៍នៅប្រទេសមីយ៉ាន់ម៉ា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែមីនានេះថា កម្ពុជាតែងតែគោរពនូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា ដូចជាគោរពគោលការណ៍គ្រឹះធម្មនុញ្ញរបស់អាស៊ាន ប៉ុន្តែកម្ពុជាមានជំហរមួយ គឺស្របតាមគោលការណ៍រួមរបស់អាស៊ាន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា “យើងតែងតែគោរពនូវគោលការណ៍មតិរួម ឲ្យតែមានការឯកភាពជារួម គឺយើងតែងតែគាំទ្រហើយ។
ជាការពិតព្រឹត្តិការណ៍នៅប្រទេសមីយ៉ាន់ម៉ាទាំងអស់គ្នាបានដឹងហើយ ការវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយអាស៊ានក្នុងនាមជាគ្រួសារតែងតែមានការបារម្ភពីគ្នាទៅវិញទៅមក ប៉ុន្តែក៏ស្ថិតនៅលើគោលការណ៍ឯកភាពជារួម យើងមើលព្រឹត្តិការណ៍ទាំងឡាយនៅលើសកលលោកយើងដឹងហើយ មិនមែនតែអាស៊ានទេមានការព្រួយបារម្ភ ប៉ុន្តែអ្វីសំខាន់ទៅលើជំហររួមរបសអាស៊ាន ”។
សូមជម្រាបថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសេចក្តីថ្លែងការណ៍សម្តែងការសោកសៅដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ក្នុងនាមជាមិត្ត និងជាសមាជិកសហគមន៍អាស៊ាន កម្ពុជាក៏ដូចជាគ្រប់រដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូល កំពុងតាមដានយ៉ាងជិតដិតនូវស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានការសោកសៅដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្ស។
ទន្ទឹមនឹងការគោរពគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន កម្ពុជាបានគាំទ្រ «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការវិវត្តនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា» ដែលបានចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ និង «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំក្រៅផ្លូវការ នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន» ចេញនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានធ្វើឡើងក្នុងបំណងដ៏ស្មោះត្រង់ ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ដូចបានលើកឡើងក្នុងអន្តរាគមន៍ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួម ជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន ពោលគឺតាមមាគ៌ាអាស៊ាន របស់យើង ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ ក្នុងស្មារតីនេះ កម្ពុជាក៏គាំទ្រផងដែរដល់ ការជួយសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈវិជ្ជមាន សន្តិភាព និងស្ថាបនា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ