ខេត្តត្បូងឃ្មុំ: ក្រុមឈ្មួញតែងតែប្រើល្បិចគ្រប់រូបភាពទាំងអស់ដើម្បីបន្លំភ្នែកពីស្ថាប័នជំនាញដោយបានប្រើប្រាស់រថយន្តស៊េរីទំនើបប្រភេទ៥៧០ ដើម្បីដឹកឈើប្រណិតចេញពីតំបន់ផ្សេងៗ។យកមកប្រមូលដាក់ឃ្លាំងមួយធំនៅមិនឆ្ងាយប៉ុន្មានពីច្រកបឹងជ្រោងក្នុងឃុំជាំស្រុកមេមត់ ពេលណាបានច្រើនគឺនាំចេញទៅវៀតណាមតាមច្រកបឹងជ្រោងនេះយ៉ាងរំភើយតែម្ដង។
យោងតាមប្រភពសម្ងាត់មួយបានទម្លាយឱ្យដឹងនៅថ្ងៃទី១៧កញ្ញាឆ្នាំ២០២៥ថា: នៅយប់ថ្ងៃទី១៦កញ្ញាមានរមកកែច្នៃធុនធំមួយគ្រឿងបានដឹកឈើប្រណិតក្នុងនោះមានប្រភេទផ្នង់និងក្រញូងអាចមានទម្ងន់ពីរទៅបីតោន ចេញទៅកាន់ប្រទេសវៀតណាមយ៉ាងរំភើយតែម្ដងដោយមិនមានការរំខានពីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើឬក៏សមត្ថកិច្ចប្រចាំនៅច្រកនោះឡើយ។
ប្រភពដដែលបានទម្លាយបន្តឲ្យដឹងទៀតថា សព្វថ្ងៃនេះប្រភេទឈើធ្នង់និងក្រញូងមិនសម្បូរដូចពីមុនទៀតនោះទេគឺក្រុមឈ្មួញមុខដដែលៗ បានប្រើល្បិចគ្រប់យ៉ាងដូចជាយករថយន្តទំនើបៗដើម្បីប្រមូលទិញឈើតាមការឲ្យដឹងចេញពីខេត្តកោះកុងនិងពោធិ៍សាត់កាត់តាមខេត្តមួយចូលខេត្តមួយមិនមានអ្នកណាចាប់អារម្មណ៍ឬហ៊ានហៅរថយន្តទាំងនោះទេព្រោះមើលទៅគឺឈ្មួញមិនឱ្យមានការចាប់អារម្មណ៍ដោយនឹកស្មានថាជាប្រភេទរថយន្តជិះធម្មតា។ហើយរថយន្តទាំងនោះបានបើកចូលមកដល់ដាក់នៅឃ្លាំងមួយកន្លែងនៅមិនឆ្ងាយប៉ុន្មានពីច្រកបឹងជ្រោង លុះពេលប្រមូលបានឈើច្រើនតោនគឺត្រូវក្រុមឈ្មួញដឹកចេញយកទៅលក់បន្តនៅប្រទេសវៀតណាមដោយបានតម្លៃថ្លៃខ្ពស់កប់ពពកទៀតផង។
នាល្ងាចថ្ងៃទី១៧កញ្ញា ភ្នាក់ងាររបស់យើងបានព្យាយាមសុំការបំភ្លឺពីរលោកធាមហៅតក់ ប្រធានច្រកបឹងជ្រោង បានប្រាប់តាមទូរសព្ទឱ្យដឹងដែរថា តាមព័ត៌មានដែលរូបលោកទទួលបានយប់ថ្ងៃទី១៦កញ្ញា ឆ្នាំ២០២៥ គឺពិតជាមានឈើចេញតាមច្រករបស់លោកទៅកាន់ប្រទេសវៀតណាមមែន។
ចំណែកលោកបែន បូលីណានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំវិញប្រាប់តាមទូរសព្ទឱ្យដឹងដែរថារូបលោកមិនដឹងថាមានឈើចេញតាមច្រកបឹងជ្រោងនោះទេ ព្រោះលោកនៅឯខេត្តឯនេះ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី





