ភ្នំពេញ ៖ ក្រោយពីផ្ទុះរឿងរ៉ាវបែកបាក់ជីវិតប្តីប្រពន្ធ និងត្រូវបានអតីភរិយាបានលាតត្រដាង អំពីអំពើហិង្សាវាយទាត់ធាក់ប្រពន្ធ និងបណ្តាលឲ្យបាត់បង់គោរមងារជា «ឧកញ៉ា» ផងនោះ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ លោក ឌួង ឆាយ បានសម្រេចសាងភ្នួសជាព្រះសង្ឃ ក្នុងគោលបំណងសងគុណឪពុកម្តាយ និងជម្រះបាបកម្ម ដែលខ្លួនបានសាងកាលពីកន្លងមក។
យ៉ាងណាមិញ ទន្ទឹមនឹងក្រោយពេលបានឃើញលោក ឌួង ឆាយ បានកោរសក់បួសបែបនេះ មហាជនខ្លះក៏បានលើកឡើងក្នុងចេតនាថា «គ្រាន់តែបួសពីបីខែសឹកវិញហ្នឹង! បេីជ្រុលតាបួសហេីយមិនបួសមួយជីវិតតែម្តងទៅ អាហ្នឹងបានហៅថាជាអ្នកបួស បេីបួសហេីយសិកវិញដដែល ចិត្តមិនស្មោះសទេ» និងរីឯអ្នកខ្លះទៀត ក៏បានចំអកប្រៀបធៀបទៅនឹងលោក អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ ថា «អាមុន ប៉ូលិសសុីកូនចៅ ឯង រត់ទៅ បួស , អា ក្រោយវ៉ៃប្រពន្ធ រត់ទៅ បួស តើ បួសដោយចិត្តជ្រះថ្លា ឬបួសគេចវេះ ពីសំណាញ់ច្បាប់?»។
តែទោះយ៉ាងណា ក៏មានមហាជនជាច្រើន បានសម្តែងនូវការកោតសរសើរ ដែលលោក ឌួង ឆាយ បានភ្ញាក់ដឹងខ្លួន និងទទួលស្គាល់នូវរាល់កំហុសដែលខ្លួនបានប្រព្រឹត្ត ងាករកផ្លូវព្រះធម៌ ដើម្បីស្វែងយល់នូវសេចក្តីស្ងប់ចិត្ត។
ក្នុងនោះ អ្នកនៅតែគាំទ្របានមានមតិលើកទឹកចិត្តយ៉ាងដូច្នេះថា «សូមចូលរួមត្រេកអផងដែរ ដែលបានលះបង់កិលេស និងរកសុខរំងាប់ផលកម្មកិលេសតណ្ហា សូមអោយព្រះដេជគុណមានសេចក្តីជ្រាសថ្លា, កុំសើចកុំយំអី យើងមិនអាចមើលឃើញនូវអ្វីៗដែលកើតចំពោះខ្លួនយើងទេ វាជាព្រហ្មលិខិតដែលគ្មានអ្នកណាតវ៉ាបាន, ការសម្រេចចិត្តធ្វើបែបនេះបានកាន់តែយូរ កាន់តែល្អ សូមជូនពរឲ្យសម្រេចបានដូចបំណង, ម្នាក់ៗកុំសេីចយំនឹងគាត់អី គ្មានអ្នកណាមួយចង់ជួបរឿងបែបនេះទេ យេីងត្រូវឃេីញអំអេីល្អគាត់ខ្លះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

