រូបភាពប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាពសុនខ១ក្បាល បានរត់តាមម្ចាស់ និងជំនះឡើងលើឡានពេទ្យ ទៅកាន់មណ្ឌលធ្វើចត្តាឡីស័កជាមួយម្ចាស់ ឃើញថាបានកំពុងឆក់យកបេះដូងមនុស្សជាច្រើន ជាពិសេសអ្នកស្រឡាញ់សត្វតែម្តង។
តាមរយៈរូបភាពដ៏មានអត្ថន័យនេះផងដែរ ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Hong Chheanghout បានសរសេររៀបរាប់បង្ហាញពីអារម្មណ៍មួយនេះថា៖ «ភាពស្មោះត្រង់ដែលមនុស្សគួរតែឲ្យតម្លៃ នេះហើយជាអ្វីដែលខ្ញុំគិត មនុស្សក៏អាណិត សត្វក៏អាណិត បើយើងឆ្លង សមាជិកគ្រួសារទាំងអស់ក៏អាចឆ្លង។ បើត្រូវទៅព្យាបាល ឬ ធ្វើចត្តាឡីស័ក ទាំងអស់គ្នា មនុស្សអាចចេះរកអីញាំបាន។ ចុះសត្វគ្នាត្រូវរស់យ៉ាងម៉េច? បាយទឹកនៅណា? អ្នកណាដាក់ឲ្យ អ្នកណាមើលថែ? ឬអាចទៅតាមម្ចាស់? ១៤ថ្ងៃយ៉ាងតិច ឬអាចយូរជាងនេះ អ្នកស្រឡាញ់សត្វទើបយល់អារម្មណ៍នេះ»។
ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ក៏បាននាំគ្នាចូលខមិនបង្ហាញពីអារម្មណ៍ពិតចេញពីបេះដូងថា៖ «ស្រណោះណាស់អូនទូអើយហើយបានរូបពីរណាមក មានអត្ថន័យណាស់អូន, បងក៏មានកូនឆ្កែដែរ បងយល់អារម្មណ៍នេះច្បាស់ អាណិតណាស់ ធ្វើម៉េចក៏ត្រូវរកវិធីជួយវាដែរ ទំនួលខុសត្រូវនៅ លើយើង វាជាសត្វមែន តែភាពស្មោះត្រង់របស់វា ពេលខ្លះ មនុស្សយើងគ្មានទេ, សត្វស្រឡាញ់ម្ចាស់ស្មោះត្រង់ហ្នឹងម្ចាស់ មិនដូចមនុស្សសព្វថ្ងៃមួយចំនួន មិនបានប្រហែលឆ្កែ, បើខ្ញុំក៏យកទៅតាមដែរ មិនអាចចោលវាឡើយ»។
តែយ៉ាងណា សម្រាប់រូបភាពនេះ ម្ចាស់គណនីខាងលើ ពុំបានបញ្ជាក់ថា អ្នកជំងឺកូវីដ រួមទាំងសុនខរបស់ខ្លួន ត្រូវបានឡានពេទ្យដឹកយកទៅធ្វើចត្តាឡីស័ក បានកើតឡើងនៅទីតាំងណានោះទេ។ រីឯអ្នកខ្លះទៀត ដល់ថ្នាក់និយាយបែបនេះថា៖ «រាល់ថ្ងៃគិតកន្លែងហ្នឹងជាងគេ….បើម៉េចៗទៅ អញសុខចិត្តងាប់ជាមួយឆ្កែហើយ… អញស្ម័គ្រចិត្តមើលឆ្កែដោយខ្លួនឯង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

