Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចដោះលែង ប្រធានសមាគមស្ត្រីដើម្បីសង្គម និងសមាជិក ចំនួនប្រាំនាក់ហើយ

ភ្នំពេញ ៖ ប្រធានសមាគមស្ត្រីដើម្បីសង្គម រួមទាំងសមាជិកចំនួន ៥នាក់ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ បន្ទាប់ពីបានធ្វើការសាកសួរ និងបានឲ្យធ្វើកិច្ចសន្យា។ ប្រធានសមាគមស្ត្រីដើម្បីសង្គម និងសមាជិកត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធការធ្វើសកម្មភាពចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋធ្វើញ្ញត្តិដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍បញ្ចុះតម្លៃទឹកភ្លើង ថ្លៃផ្ទះជួល ប្រេងសាំង និងផ្អាកបង់ប្រាក់ធនាគារបីខែ។

លោកយាន រក្សា ក្រុមប្រឹក្សាភិបាលសមាគមស្ត្រីដើម្បីសង្គម បានបញ្ជាក់ប្រាប់ CEN ថា កញ្ញា កែវ ទិត្យលីដា ប្រធានសមាគមស្ត្រីដើម្បីសង្គម និងសមាជិកចំនួន ៥នាក់ទៀត ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញហើយ។

ទាក់ទងនិងការប្រមូលស្នាមមេដៃនេះ សមត្ថកិច្ចបានឲ្យដឹងថា ការចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋនេះ គឺមិនមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឬសាលារាជធានីភ្នំពេញនោះទេ។ ហើយប្រធានសមាគមស្ត្រីដើម្បីសង្គម បានទទួលកំហុសក្នុងការអនុញ្ញាតឲ្យសមាជិករបស់ខ្លួន ដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១។

កញ្ញា កែវ ទិត្យលីដា ប្រធានសមាគមស្ត្រីដើម្បីសង្គម បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចថា ឈប់ប្រព្រឹត្តរាល់សកម្មភាពទាំងអស់ដែលផ្ទុយពីច្បាប់។ ឈប់ធ្វើសកម្មភាពឲ្យប្រជាពលរដ្ឋឈបផ្តិតមេដៃ ដើរឃោសនាផ្សេងៗដែលគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរ។ ឈប់ប្រមូលកម្លាំងជាក្រុម ដើរជាក្រុមក្នុងមូលដ្ឋានដែលផ្ទុយពីការប្រកាសរបស់ក្រសួងសុខាភិបាល។ ហើយបើអនុវត្តផ្ទុយពីកិច្ចសន្យានេះនឹងទទួលខុសត្រូវចំពោះមុខច្បាប់។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ CEN ថា ពាក់ព័ន្ធសំណើរបស់សមាគមស្ត្រីដើម្បីសង្គម ដែលបានដាក់ញត្តិកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មករដ្ឋបាលរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឲ្យមានការហែរក្បួនដាក់ញ្ញត្តិនោះទេ ប៉ុន្តែខាងសមាគមអាចចាត់តំណាងម្នាក់យកញ្ញត្តិទៅដាក់ជូនខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ណាមួយតាមអ្វីដែលជាកម្មវត្ថុនៃការដាក់ញត្តិនោះ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដំណាក់កាលនេះ ខាងសមាគមស្ត្រីដើម្បីសង្គមគួរតែជ្រាប ហើយនឹងចូលរួមជាមួយគ្នាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការប្រមូលផ្តុំប្រជាពលរដ្ឋ ការប្រមូលផ្តុំមនុស្សឲ្យមកជួបជុំគ្នាច្រើន ទោះបីជាក្នុងគោលបំណងណាក៏ដោយក៏វាមិនសមគួរជាមួយ និងស្ថានភាពដែលជំងឺកូវីដ១៩ កំពុងតែរាតត្បាត ជាពិសេសនៅទីក្រុងភ្នំពេញរបស់យើងដែលមានករណីកូវីដ១៩ច្រើន។ ហើយមានជម្រើសនៃនីតិវិធីជាច្រើនដែលខាងសមាគម អាចធ្វើទៅបានចៀសជាងការប្រមូលផ្តុំមនុស្ស ដើម្បីធ្វើការដង្ហែញត្តិនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×