ក្រៅពីការជួញដូរតាមវិធីសាស្ត្រជួញដូរតាមការចរចាលើភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កាលពីម្សិលមិញ គេសង្កេតឃើញថាភាគហ៊ុន PPSP គឺជាភាគហ៊ុនដែលមានទំហំជួញដូរធំបំផុត ក្នុង
រយៈពេលប៉ុន្នានថ្ងៃចុងក្រោយនេះ។
ចំណែកក្នុងថ្ងៃនេះ ភាគហ៊ុននេះនៅតែបន្តឈរលើលេខរៀងទី១ ជាមួយនឹងទំហំជួញដូរសរុប ៣២៦,៨៨ លានរៀល ពោលគឺមានចំណែកប្រមាណ៥៤%នៃទំហំសរុប (៦០៦,០១លានរៀល)។
ថ្លៃភាគហ៊ុនPPSP បានងើបឡើង ២០រៀល ក្នុងមួយហ៊ុន មកដល់១.៨៦០រៀល វិញ។ ភាគហ៊ុនធនាគារអេស៊ីលីដា (ABC) បានកើនឡើង ២០រៀល ស្មើគ្នានឹងPPSP ត្រឹមវេលាផ្សារបិទថ្ងៃម្សិលមិញនេះ មកបិទនៅថ្លៃ ១៦.៧០០រៀល។
រីឯភាគហ៊ុនបួនទៀតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ផេសថិក (PEPC) និងកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានថយចុះ ៦០រៀល ១៦០រៀល ៧០រៀល និង៨០រៀល រៀងគ្នា មកត្រឹម ៦.៣០០រៀល ១៣.១០០រៀល ៣.០៨០រៀល និង ១៣.១០០រៀល ប៉ុណ្ណោះក្នុងមួយហ៊ុន។ GTI បានបិទនៅថ្លៃថេរដដែល ដូចនឹងថ្លៃបិទពីម្សិលមិញ។ យ៉ាងណាមិញ សន្ទស្សន៍ ផ.ម.ក. បានបិទត្រឹម ៦៣៩,៨៧ ពិន្ទុ ដោយមានការថយចុះ ០,១៦ភាករយ៕
រក្សាសិទ្ធិដោយ៖CEN


