ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត នៅក្នុងបណ្តាញសង្គមបានជ្រាបហើយ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស សួស វីហ្សា បានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្រោយធ្វើតេស្តចំនួន៣លើក និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke ទាំងយប់ ជាមួយអារម្មណ៍តក់ស្លុតឡើងស្រក់ទឹកភ្នែក ខណៈផ្តាំទៅអ្នកផ្ទះឲ្យជួយមើលថែកូនស្រីតូចរបស់ខ្លួនផង។
តែទោះយ៉ាងណា ក្រោយទៅសម្រាក និងព្យាបាលបានប៉ុន្មានថ្ងៃ នៅពេលនេះ ស្ថានភាពជំងឺកូវីដ១៩របស់ សួស វីហ្សា បានល្អប្រសើរច្រើនហើយ ដោយមិនមានអ្វីជាធំដុំនោះទេ។
នេះបើតាមស្វាមីរបស់នាង លោក ថមមី បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដោយភ្ជាប់សារមួយយ៉ាងខ្លីចង់ប្រាប់ថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះភរិយាជិតជាពីជំងឺកូវីដ១៩ហើយ។
ក្នុងសារនោះ លោកបានបង្ហោះយ៉ាងដូច្នេះថា៖ «សូមអញ្ជើញពិសាអាហារពេលរាត្រីជាមួយខ្ញុំ បងប្អូនទាំងអស់គ្នា ថ្ងៃនេះសប្បាយចិត្តជាងថ្ងៃមុនៗ ព្រោះប្រពន្ធជិតជាហើយ ត្រូវតែរឹងមាំកុំឲ្យអាគេបាញ់កូវីដ១៩ មកក្បែរបាន»។
លោក ថមមី ក៏បានទទួចឲ្យបងប្អូនទាំងអស់គ្នាត្រូវចេះថែរក្សាសុខភាព តាមរយៈការធ្វើលំហាត់ប្រាណ និងវិធានការការពា «៣ការពារ ៣កុំ» ដោយបានរៀបរាប់បន្ថែមថា៖ «ថែរក្សាសុខភាពទាំងអស់គ្នាបងប្អូន ព្យាយាមហាត់ប្រាណឲ្យសុខភាពមាំមួន ចូលរួមការការពារ ៣ការពារ ៣កុំ ឥឡូវនេះភរិយាខ្ញុំមានអាការៈធូស្បើយខ្លះហើយ ដោយបានសម្រាកព្យាបាល មកដល់ពេលនេះមានរយៈពេល៣ថ្ងៃ គាត់បានលេបថ្នាំពេទ្យ និងធ្វើការហាត់ប្រាណតាមពេទ្យប្រាប់ សុខភាពគាត់បានប្រសើរជាងមុនៗ សង្ឃឹមថាប្រពន្ធខ្ញុំនឹងបានឆាប់ជាឆាប់ៗ ខ្ញុំនិងអ្នកផ្ទះក៏ដូចគ្នានាំគ្នារក្សាអនាម័យ តាមក្រសួងណែនាំ និងព្យាយាមហាត់ប្រាណ»។
យ៉ាងណាមិញ ក្រោយបានឃើញស្វាមីអ្នកនាង សួស វីហ្សា បង្ហោះបែបនេះ មហាជនពិតជាបានសម្តែងការចូលរួមត្រេកអរជំនួសជាខ្លាំង ដោយគ្រប់គ្នាបានជូនពរសូមឲ្យ សួស វីហ្សា ឆាប់ជាសះស្បើយ និងក៏ដូចលោក ថមមី ផងដែរ សូមជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ១៩នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




