កែប ៖ ទីលានចាក់សំរាមនេះ ស្ថិតនៅទីតាំងក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយទីលានកប់សម្រាមប្រភេទស្តង់ដារមួយនេះ មានសមត្ថភាពផ្ទុកសំរាមលើសពី ២០ឆ្នាំ ដែលគ្រោង បញ្ចប់ ការ សាង សង់ នៅ ខែវិច្ឆកា ឆ្នាំ២០២១ខាងមុននេះ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា គម្រោងទីលានកប់សំរាមនេះ កំពុងដំណើរ ការសាងសង់បានប្រមាណ ៧៥%ហើយ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហាន២ ក្រោម ឥណទាន ធនាគារអភិវឌ្ឍន៍អាស៊ី ADB មានសមត្ថភាពផ្ទុកសម្រាមបានរហូតដល់២០ឆ្នាំ លើផ្ទៃដី៨ហិកតា ដែលចំណាយថវិការសរុបប្រមាណជាង៧លានដុល្លា។
ឯកឧត្តមអភិបាលខេត្តកែប បានបន្តថា បើទោះបីជាអន្តរកាលនៃវិបត្តិកូវីដ១៩ កំពុងរាតត្បាតជុំវិញសកលលោក និងកម្ពុជាយើងយ៉ាងណាក៏ដោយ ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា របស់ខេត្តនៅតែដំណើរការការងារបស់ខ្លួន តួយ៉ាងដូចជាទីលានកប់សម្រាមនេះជាដើម ហើយគម្រោងមួយនេះគ្រោងនិងបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២១ខាងមុខនេះ។
លោក ទិដ្ឋ ទីជា ប្រធានគ្រប់គ្រងការដ្ឋានសាងសង់ទីលានចាក់សម្រាម បានឱ្យដឹងដែរថា សំរាម ដែលប្រមូលទុកនៅទីនេះ គឺយើងមិនដុតនោះទេ ដោយយើងរៀបចំអាគារមួយ សម្រាប់ញែកសំរាមនេះ ទៅតាមប្រភេទ ដើម្បីបែងចែកដាក់នៅតាមទីតាំងនីមួយៗ។
លោកបញ្ជាក់ថា កាកសំណល់ទាំងអស់សុទ្ធតែអាចកែច្នៃយកទៅប្រើប្រាស់ឡើងវិញ ហើយអ្វីដែលចេញពីទីលានមួយនេះ សុទ្ធតែអាចប្រើប្រាស់បានដូចគ្នា ដោយមិនធ្វើអោយប៉ះពាល់ដល់បរិស្ថាន ដូចជាទឹកដែលបង្ហូរចេញពីអាងចម្រុះទឹកកខ្វក់ និងកាកសំណល់ជីកំប៉ុសជាដើម។ គម្រោងទីលានចាក់សំរាមនេះ គឺយើងបានសិក្សាបច្ចេកទេស ក្នុងការសាសង់ជាមួយក្រុមវិស្វករមកពីប្រទេសអ៊ីតាលី។
គួបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សំរាមនៅខេត្តកែបនេះ ក៏បានចូលរួមចំណែកបម្រើឱ្យវិស័យ កសិកម្ម និងទេសចរណ៍ ដែលបានមកពីកាកសំណល់សំរាមនេះផងដែរ៕
រក្សាសិទ្ធិដោយ៖CEN







