ភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរ ប្រមាណ ៦០០រោងចក្រ ជាសមាជិករបស់សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ពីរាជរដ្ឋាភិបាល ក្រោមគោលការណ៍ស្ម័គ្រចិត្ត ខណៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងរៀបចំនិតីវិធីក្នុងការដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដែល អាច នឹងចាប់ផ្ដើមឆាប់ៗនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឲ្យសមាគមរោងចក្រកាត់ដេរកម្ពុជា ជួយសម្របសម្រួល ជាមួយភាគីរោងចក្រ រៀបចំបញ្ជីឈ្មោះ គ្រូពេទ្យ ក្រុមការងារ និងទីកន្លែងនៅតាមរោងចក្រនីមួយ ៗ ដើម្បី ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករ កម្មការិនី ក្រោមគោលការណ៍ស្មគ្រចិត្ត។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានឱ្យដងថា រាជរដ្ឋាភិបាល ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករ កម្មការិនី ក្រោមគោលការណ៍ស្ម័គ្រចិត្ត។
លោកថា បច្ចុប្បន្ន សមាគម មានរោងចក្រជាង ៦០០ ជាសមាជិក និងមានកម្មករ កម្មការិនី សរុបប្រមាណ ៧៥ ម៉ឺននាក់ ។ លោក បានបន្ថែមទៀតថា យុទ្ធនាការចាក់ វ៉ាក់សាំងកូវីដ-១៩ ធ្វើឡើងទាំងកម្មកររោងចក្រកាត់ដេរ រោងចក្រស្បែង ជើង សហគ្រាស និងវិស័យកម្មន្តសាល។ ប៉ុន្តែលោកអះអាងថា លោកមិនដឹងថា យុទ្ធនាការនេះ នឹងចាប់ផ្តើម ធ្វើឡើងនៅថ្ងៃណានោះទេ។
គួរបញ្ជាក់ថា តាមការប្រកាសកន្លងមក វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន១ លាន ៥សែន ដូ ស ដែលកម្ពុជាបានបញ្ជាទិញពីមិត្តចិន នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនានេះ ស្របពេលដែលវ៉ាក់សាំងកូវី ដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនចំនួន៤០ ម៉ឺនដូសទៀត ក្នុងដំណាក់កាលទីពីរ នឹងមកដល់កម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ខាងមុខនេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ៕
រក្សាសិទ្ធិដោយ៖CEN