ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា បានមានប្រសាសន៍ប្រាប់សារព័ត៍មាន CEN នៅព្រឹកថ្ងៃទី២៦ ខែមីនា នេះថា មកដល់ខែមីនា ឆ្នាំ២០២១នេះ រកឃើញគ្រួសារក្រីក្រទូទាំងប្រទេសមានប្រមាណជាង ៧១ម៉ឺន ៥ពាន់គ្រួសារ ដែលមានប្រជាជនសរុប ២.៨៦២.០០០នាក់ និងបានដកប័ណ្ណពីគ្រួសារដែលមានជីវភាពប្រសើរឡើងមានចំនួន ១៥២០០គ្រួសារ។
រាជរដ្ឋាភិបាលកម្ពុជាបានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច ក្រោម ស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុង គោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែល ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។
នាពេលបច្ចុប្បន្ន, ប្រទេសមួយចំនួនបាន និងកំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ព្រមទាំងបានសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាន និងកំពុងស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលមាន ទៅតាមតម្រូវ ការចាំបាច់ជាក់ស្តែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរៀងខ្លួនផងដែរ។ យ៉ាងណាក៏ ដោយ , ទោះបីជាយុទ្ធនាការនេះ បាននិងកំពុងប្រព្រឹត្តទៅដោយរលូន ក៏មិនមានន័យថា យើងទាំងអស់គ្នា អាចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាន១០០% ហើយស្ថានភាពសង្គម-សេដ្ឋកិច្ចអាចវិល ត្រលប់ទៅរកប្រក្រតីភាពវិញដូចមុន ក្នុងរយៈពេលដ៏ខ្លីបាននោះឡើយ ។ ជាក់ស្ដែង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ជនជាតិខ្មែរមួយចំនួនផងដែរ ។
បន្ថែមពីលើនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនធំ ក៏នៅតែបន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
រាជរដ្ឋាភិបាលបន្តណែនាំដល់ក្រសួង-ស្ថាប័នរដ្ឋ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ជួយសម្រួលដល់ភាគីអ្នកជួល ដោយជៀសវាងការបញ្ឈប់ កិច្ចសន្យា ឬការបណ្តេញចេញ ក្នុងករណីដែលភាគីអ្នកជួលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល បានទាន់ពេល វេលា ។ រាជរដ្ឋាភិបាល ក៏សូមលើកទឹកចិត្តដល់ភាគីម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ចរចាជាមួយនឹង លើនេះ រាជរដ្ឋាភិបាល នៃសេចក្តីប្រកាស ក៏សូមអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ចូលរួមអនុវត្តតាមស្មារតី រួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំស្តីពី បញ្ហាអចលនវត្ថុនៅកម្ពុជា ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ ។
ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្តីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ។
រាជរដ្ឋាភិបាលបន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល , តំបន់ និងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗ បន្ថែមចាំបាច់នានា សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោមក្របខណ្ឌផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ឡើងវិញ ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយៈ ចេស្តារ

