ភ្នំពេញ ៖ នេះគឺជាខណៈពេលមួយដ៏គួរឲ្យតក់ស្លុតខ្លាំងណាស់ នៅពេលបានឃើញឡានពេទ្យចុះទៅយកអ្នកជំងឺកូវីដ១៩ ជាបន្ទាន់ ហើយគ្រូពេទ្យបានហៅឈ្មោះអ្នកជំងឺ តាមរយៈសម្លេងឧគ្ឃោសនាសព្ទ ម្តងម្នាក់ៗឡើងឡាន ដើម្បីដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ស្ថិតនៅត្រង់ចំនុចក្រុមទី២ ភូមិ សាមគ្គី សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ រហូតចំនួន ១៩ នាក់។
គួរឲ្យដឹងផងដែរថា អ្នកជំងឺទាំងនោះ ត្រូវបានដឹងថា បានឆ្លងជាបន្តបន្ទាប់គ្នា ពីស្រ្តីអាយុ ៦៩ ឆ្នាំ ម្នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅថ្មីៗនេះ។
គិតមកត្រឹម២៤ម៉ោងថ្ងៃម្សិលមិញនេះ អ្នកជំងឺកូវីដ១៩ នៅក្នុងខណ្ឌប្ញស្សីកែវ ត្រូវបានរកឃើញកើនឡើងសរុបរហូតដល់ទៅ ២៩ នាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


